[UPDATE] មនុស្ស ៥នាក់ ក្នុងចំណោម ៧នាក់ដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបានរកឃើញនៅមានជីវិត
ក្រុមអ្នកជួយសង្គ្រោះ បានឲ្យដឹងថា មនុស្ស ៥នាក់ ក្នុងចំណោម ៧នាក់ដែលជាប់នៅក្នុងរូងភ្នំលិចទឹករយៈពេល ១សប្តាហ៍ នៅក្នុងប្រទេសឡាវ ត្រូវបានរកឃើញនៅរស់រានមានជីវិត នាថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ។
តាមរយៈការបង្ហោះលើបណ្ដាញសង្គម ក្រុមជួយសង្គ្រោះឡាវឈ្មោះ Rescue Volunteer for People បានឲ្យដឹងថា៖ «យើងបានរកឃើញមនុស្សប្រាំនាក់នៅរស់រានមានជីវិត ហើយមានសុវត្ថិភាពទាំងអស់។ នៅតែមានមនុស្ស ២នាក់ដែលយើងកំពុងស្វែងរក»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Lao Economic Daily ក៏បានរាយការណ៍ផងដែរថា មនុស្ស ៥នាក់ត្រូវបានរកឃើញថា នៅរស់រានមានជីវិត។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឡាវ បានរាយការណ៍នៅសប្តាហ៍នេះថា អ្នកភូមិជនជាតិឡាវទាំង ៧នាក់នោះ បានចូលទៅក្នុងរូងភ្នំ នៅក្នុងខេត្ត Xaysomboun ភាគកណ្តាល ចម្ងាយប្រហែល ១២៥គីឡូម៉ែត្រ នៅភាគឦសាននៃរដ្ឋធានីវៀងចន្ទន៍ កាលពីថ្ងៃទី២០ ខែឧសភា។ ពួកគេកំពុងស្វែងរកមាស ប៉ុន្តែផ្ទុយទៅវិញ បានជាប់នៅក្នុងរូងភ្នំនោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានទឹកជំនន់គំហុកភ្លាមៗ ដែលនាំឲ្យច្រកចេញត្រូវបិទជិត។
នៅមុននេះ ក្រុមអ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុ បានរៀបរាប់ អំពីសណ្ឋានដីភ្នំដ៏លំបាក និងភ្លៀងធ្លាក់ខ្លាំងដែលក្លាយជាឧបសគ្គដល់ប្រតិបត្តិការនេះ៕






