កម្លាំងនគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅស្រុកស្វាយជ្រំ
(ស្វាយរៀង)៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះ របស់ពលរដ្ឋមួយកន្លែង ស្ថិតក្នុងឃុំចំបក់ ស្រុកសស្វាយជ្រំ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៤ នាក់និងវត្ថុតាងមួយចំនួន។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជា លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង។
សមត្ថកិច្ចបានបន្តថា កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយជ្រំ និងដោយមានការសម្របសម្រួលពី លោកខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះ របស់លោក មាន់ សាវរី ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ៤នាក់ ស្រី២នាក់ (ជនជាតិចិន១នាក់ ប្រុស, ជនជាតិខ្មែរ ៣នាក់ ស្រី២នាក់)។
ក្នុងប្រតិបត្តិការ ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន៖ កំព្យូទ័រលើតុ All-In-One , ឧបករណ៍ចាប់Wifi , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទសៀល បិទទីតាំងបណ្ដោះអាសន្ន៕






