ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំអធិការនគរបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យកន្លែងធ្វើការ និងស្នាក់នៅរបស់ជនបរទេស ដែលអាចលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំអធិការនគរបាលខណ្ឌទាំង១៤ ឱ្យបន្តចុះត្រួតពិនិត្យកន្លែងធ្វើការ និងស្នាក់នៅ ប្រមូលផ្តុំរបស់ជនបរទេសដែលអាចលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលដៅលុបបំបាត់បទល្មើសនេះ នៅក្នុងរាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស ប្រចាំឆមាសទី១ឆ្នាំ២០២៦ និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រី ស្នងការរង លោកអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីនគរបាលពាក់ព័ន្ធមួយចំនួនផងដែរ។
ក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យមានការគ្រប់គ្រងនិងពង្រឹងការត្រួតពិនិត្យកម្លាំង នៅតាមអង្គភាពនីមួយៗឲ្យបានម៉ឺងម៉ាត់ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំលោកអធិការនគរបាលខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់រៀបចំផែនការនិងទិសដៅ សហការជាមួយរដ្ឋបាលខណ្ឌក្នុងការចុះត្រួតពិនិត្យកន្លែងធ្វើការនិងស្នាក់នៅ ប្រមូលផ្តុំរបស់ជនបរទេសខុសច្បាប់ ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លើសពីនេះ លោកបានណែនាំបន្តបង្ការបង្រ្កាបក្មេងទំនើង និងស្រាវជ្រាវតាមជំនាញបង្រ្កាបមុខសញ្ញាដែលកំពុងគេចខ្លួន និងមុខសញ្ញាក្រុមក្មេងទំនើបទើបកើតថ្មី, បន្តយកចិត្តទុកដាក់ ថែទាំគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យបានល្អ និងធ្វើរបាយការណ៍អំពីប៉ុស្តិ៍ដែលទ្រុឌទ្រោម,បន្តចុះល្បាតត្រួតពិនិត្យដើម្បីបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ស្រាវជ្រាវតាមដាន ក្នុងមូលដ្ឋាន គ្រប់គ្រងជនបរទេស និង បោសសម្អាត Online Scams ដែលលួចលាក់នៅតាមមូលដ្ឋានដោយភាពទទួលខុសត្រូវខ្ពស់បំផុត បើមិនធ្វើឫគប់គិត និងទទួលខុសត្រូវចំពោះ មុខច្បាប់ ជាដាច់ខាត។
ទន្ទឹមគ្នានេះ លោកថែមទាំងបានណែនាំឲ្យមានការយកចិត្តទុកដាក់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតាមគោលដៅដែលមានបញ្ហាប្រឈកកស្ទះផងដែរ៕

You might also like