កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បន្តចុះត្រួតពិនិត្យ តាមទីតាំងមួយចំនួន​ដែលសង្ស័យពាក់ព័ន្ធបទល្មើស Online Scams

(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាព​ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំង​អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះរដ្ឋបាល នៅតាមទីតាំងចំនួន៤ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលសង្ស័យពាក់ព័ន្ធការប្រព្រឹត្តបទល្មើស Online Scams ប៉ុន្តែជាលទ្ធផលក្រុមការងារ​បានរកឃើញ​ជនបរទេសស្នាក់នៅ និងសម្ភារមួយចំនួន ប៉ុន្តែមានឯកសារត្រឹមត្រូវ និងពុំមានពាក់ព័ន្ធ​ទៅនឹងបទល្មើស Online Scams នោះទេ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាព​ខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងនោះកម្លាំងគណៈបញ្ជាការខេត្ត បានចុះត្រួតពិនិត្យ២ទីតាំង និងសហការជាមួយកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះត្រួតពិនិត្យចំនួន ២ទីតាំង ប៉ុន្តែរកមិនឃើញបទល្មើសOnline Scams នោះទេ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបានបញ្ជាក់ថា បានបញ្ជាក់ថា ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី ដោយមានការចូលរួម​ពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចៅសង្កាត់ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារងនៃអយ្យការអម​សាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ ចំនួន ២ទីតាំង ស្ថិតក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ក្នុងនោះទីតាំងទី១ ជួបតែសន្ដិសុខអគារកម្ពស់ ៣ជាន់ ត្រួតពិនិត្យពុំមានជនបរទេស ពុំមានសម្ភារៈសង្ស័យ និងទីតាំងទី២ ម្ចាស់ សាវ៉ាន ណាក់ មានអ្នកគ្រប់គ្រងឈ្មោះ ភិន សុភារៈអគារកម្ពស់ ៨ជាន់ទាំងជាន់ផ្ទាល់ដី មាន ៣២បន្ទប់ មានជនបរទេសស្នាក់នៅប្រមូលផ្ដុំចំនួន ២៧នាក់ ស្រី ១១នាក់ ជាជនជាតិថៃ ពុំមានសម្ភារៈសង្ស័យពាក់ព័ន្ធបទល្មើសស្កេម អប់រំ និងធ្វើកិច្ចសន្យា។

ទន្ទឹមនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំដោយលោក លៀម សុដា បានចូលរួមសហការជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង​នៃអយ្យការអមសាលាដំបូង បានចុះត្រួតពិនិត្យអគារចំនួន ២ទីតាំង ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ដូចខាងក្រោម៖

ទីតាំងទី១ (ម្ចាស់ ខៀវ សោភ័ណ្ឌអគារ ៤ជាន់ផ្ទាល់ដី មាន ២២បន្ទប់ នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ រកឃើញជនជាតិឥណ្ឌូនេស៊ី ៣១នាក់ ស្រី ២១នាក់ មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ពុំមានសម្ភារៈសង្ស័យ បានអប់រំម្ចាស់អំពីច្បាប់។

ទីតាំងទី២ (ម្ចាស់អ៊ុក វិបុលអគារ ៤ជាន់ផ្ទាល់ដី មាន ៣៦បន្ទប់ នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ រកឃើញជនជាតិឥណ្ឌូនេស៊ី ២៤នាក់ ស្រី៧នាក់ មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ពុំមានសម្ភារៈសង្ស័យ បានអប់រំម្ចាស់អំពីច្បាប់៕

You might also like