បុរសម្នាក់ស្លាប់ បន្ទាប់ពីដើរកាប់អុសនៅក្នុងព្រៃ កាប់ប៉ះចំគ្រាប់មិនទាន់ផ្ទុះបណ្តាលឱ្យផ្ទុះនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ពេលកំពុងកាប់អុសនៅក្នុងព្រៃសម្រាប់ដុតយកដុតធ្វើធ្យូង ប៉ុន្តែចៃដន្យកាប់ប៉ះចំគ្រាប់មិនទាន់ផ្ទុះ បណ្តាលឱ្យផ្ទុះកក្រើកឡើងតែម្តងនៅក្នុងបរិវេណដងអូរ ស្ថិតក្នុងភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃម្សិលមិញ។ លោកថា ជនរងគ្រោះមានឈ្មោះ ក្តឹប ស្រៀត អាយុ២៨ឆ្នាំ មានទីលំនៅភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អធិការក្រុងថ្លែងបញ្ជាក់ទៀតថា តាមការស្រាវជ្រាវ និងការបំភ្លឺពីសាច់ញាតិជនរងគ្រោះ មុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះទៅកាន់ទីតាំងខាងលើ ដើម្បីដើរកាប់ឆ្កាព្រៃ រកឈើ និងអុស សម្រាប់យកមកដុតធ្យូង។ លុះពេលកំពុងកាប់ឈើនៅចំណុចកើតហេតុ ស្រាប់តែកាប់ប៉ះចំគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ បណ្តាលឱ្យផ្ទុះយ៉ាងខ្លាំង និងឆក់យកជីវិតជនរងគ្រោះភ្លាមៗនៅនឹងកន្លែង។
ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យជាក់ស្តែងនៅកន្លែងកើតហេតុ និងលំនៅឋានរបស់សព។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាបានកាប់ប៉ះគ្រាប់មិនទាន់ផ្ទុះ ដែលនៅសេសសល់ពីការបាញ់ឈ្លានពានរបស់ទាហានសៀមមកលើទឹកដីកម្ពុជា កាលពីអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បណ្តាលឱ្យផ្ទុះស្លាប់យ៉ាងអាណោចអាធ័ម។
សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងសាច់ញាតិដឹកយកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានខាងលើ៕

You might also like