សមត្ថកិច្ចចម្រុះ ចុះស្រាវជ្រាវសកម្មភាពជីករ៉ែមាសអនាធិបតេយ្យនៅតំបន់កន្ទុយនាគ
(រតនគិរី)៖ លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះរួមមាន៖ មន្ត្រីមន្ទីររ៉ែ និងថាមពលខេត្ត, កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, កម្លាំងបរិស្ថានឧទ្យានជាតិវរៈជ័យ, កម្លាំងយោធាការពារព្រំដែន និងកម្លាំងនគរបាលវរការពារព្រំដែន បានចុះត្រួតពិនិត្យស្រាវជ្រាវរុករកទីតាំងសង្ស័យមានក្រុមរុករករ៉ែមាសអនាធិបតេយ្យចំនួន២ទីតាំង ត្រង់ចំណុចអូរយ៉ើល និងចំណុចកន្ទុយនាគស្ថិតក្នុងភូមិសាស្ត្រស្រុកតាវែង ជាប់ព្រំដែនប្រទេសវៀតណាម។
ជាលទ្ធផល សមត្ថកិច្ចមិនបានជួបសកម្មភាពបទល្មើសណាមួយដែលគួរឲ្យកត់សម្គាល់អ្វីឡើយ។
តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ក្រុមការងារលើនេះ បានចុះទៅស្រាវជ្រាវបង្ក្រាបបទល្មើសរុករករ៉ែមាសនៅតំបន់ខាងលើ បន្ទាប់ពីមានព័ត៌មានសកម្មភាពជីករ៉ែមាស ដែលធ្វើសកម្មភាពដោយជនជាតិវៀតណាម ទើបមានបទបញ្ជាពីថ្នាក់លើឲ្យចុះដល់ទីតាំងជាក់ស្តែង។
ជាក់ស្តែងក្នុងរូបភាពកម្លាំងសមត្ថកិច្ចចុះដល់ទីតាំងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ មានរណ្តៅដី ដែលបង្ហាញថា មានការលួចជីករ៉ែមាសពីជនជាតិវៀតណាមពិតប្រាកដ៕






