យកលុយលេងល្បែងចាញ់អស់ ភូតសមត្ថកិច្ចនិងប្រពន្ធថា ចោរប្លន់,ទីបំផុត! សមត្ថកិច្ចបកស្បែកមុខ

ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន ពាក់ព័ន្ធទៅនឹងគេហទំព័រហ្វេសប៊ុកបានបង្ហោះខ្លឹមសារ ៖ ប្លន់កណ្ដាលយប់នៅស្រុកអង្គស្នួល បង្កការភ័យខ្លាចដល់ពលរដ្ឋ បង្ហាញពីភាពខ្សោយរបស់លោកអធិការ មាន សំណាង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នង កការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានដឹកនាំបញ្ជាកម្លាំងជំនាញ ចុះស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖
ករណី កុហកប្រពន្ធថាចោរប្លន់ តាមពិតលេងល្បែងចាញ់អស់ខ្លាចប្រពន្ធខឹង,កើតហេតុថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៦ ម៉ោង២០និង១៥នាទីនៅចំណុចចិញ្ចើមផ្លូវជាតិលេខ៥១ ភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួលខេត្តកណ្តាល។ ជនបង្កហេតុឈ្មោះ នុត សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
តាមការបំភ្លឺរបស់ឈ្មោះ នុត សំណាងបានឱ្យដឹងថា នៅអំឡុងចុងខែមេសា ឆ្នាំ២០២៦ ខ្លួនបានយកត្រាក់ទរ័ ទៅស៊ីឈ្នួលភ្ជូរដីស្រែចំការនៅស្រុកកំណើតរបស់ខ្លួនភូមិតាកុក ឃុំតានី ស្រុកអង្គរជយ័ ខេត្តកំពត ដោយយកកូនប្រុសអាយុ១១ឆ្នាំទៅជាមួយ។ ក្នុងអំឡុងទៅរកស៊ីភ្ជួរដីនោះ ពេលបានលុយឈ្មោះ នុត សំណាង បានយកលេងល្បែងចាញ់អស់ ហើយដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ប្រពន្ធនៅផ្ទះឈឺ បានហៅគាត់ឱ្យមកផ្ទះវិញ។ ពេលនោះគាត់បានជិះម៉ូតូហុងដាសង់សេរីឆ្នាំ២០១៩ ឌុបកូនប្រុសចេញមកនៅម៉ោង០៤ល្ងាចហើយជិះមកតាមផ្លូវជាតិលេខ៣ ដល់ចោមចៅ បត់ឡេីងផ្លូវជាតិលេខ៤ និងបន្តមកតាមផ្លូវជាតិលេខ៥១ ដល់ចំណុចភូមិក្រាំងក្រូច ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជយ័ ខេត្តកំពង់ស្ពឺ គាត់បានចូលទៅឈប់មុខផ្ទះគេហើយប្រាប់គេថា មុននេះមានចោរប្លន់យកទ្រព្យសម្បត្តិអស់ហើយ ក៏បានសុំខ្ចីទូរសព្ទទៅប្រាប់ប្រពន្ធថា ខ្លួនត្រូវចោរប្លន់យកលុយអស់។
ពេលទទួលដំណឹងភ្លាមប្រពន្ធខ្លួនបានហៅប្អូនប្រុសឱ្យជូនមកជួបប្តីហើយសួររកប៉ុស្តិ៍សមត្ថកិច្ចដើម្បីដាក់ពាក្យបណ្តឹង។ ដំបូងនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំភ្នំតូច ស្រុកសាមគ្គីមុនីជយ័ ខេត្តកំពង់ស្ពឺ ហើយសមត្ថកិច្ចឱ្យនាំមកចង្អុលកន្លែងកើតហេតុ។ ពេលនោះឈ្មោះ នុត សំណាង បានចង្អុលប្រាប់ថា នៅចិញ្ចើមផ្លូវខាងកើត ទើបសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំតូច ណែនាំឱ្យទាក់ទងមកលេខសមត្ថិច្ចប៉ុស្តិ៍សំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ បានចុះទៅជួបរួចនាំយកមកសួរបំភ្លឺអំពីរឿងហេតុ ពេលសមត្ថកិច្ចសួរនាំដេញ ដោលឈ្មោះ នុត សំណាង ថាឈប់ប្តឹងផ្តល់ហើយព្រោះរឿងនេះ ខ្លួនកុហកប្រពន្ធទេ តាមពិតលុយខ្លួនលេង ល្បែងចាញ់អស់ខ្លាចប្រពន្ធខឹង។
បន្ទាប់មកឈ្មោះ នុត សំណាង និងប្រពន្ធ បានសំពះ សុំទោសសមត្ថកិច្ចដោយខ្លួនមានកំហុសបានកុហកប្រពន្ធ និងសមត្ថកិច្ចបង្កើតរឿងហេតុថាខ្លួនត្រូវចោរវាយប្លន់យកខ្សែក ខ្សែដៃ លុយចំនួន៤,១៥០,០០០រ និងទូរស័ព្ទ២គ្រឿង។
បញ្ជាក់៖ ចំពោះម្ចាស់គេហទំព័រហ្វេសប៊ុកឈ្មោះ ពូសកម្មជនហ្វេសប៊ុក កែតម្រូវនូវខ្លឹមសារដែលបានបង្ហោះផ្សព្វផ្សាយជាបន្ទាន់។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

You might also like