កម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណី Online Scams នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនជាតិកូរ៉េ២នាក់
(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផ្ទះលេខ២២១ ផ្លូវ១០១ បុរីប៉េងហួត ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានយកទីតាំងខាងលើពាក់ព័ន្ធការប្រព្រឹត្តបទល្មើស Online Scams។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិកូរ៉េ២នាក់ និងដកហូតបាន ម៉ូនីទ័រ ចំនួន៤គ្រឿង, Laptop ចំនួន៣គ្រឿង, CPU ចំនួន៣គ្រឿង និងTablet ចំនួន១គ្រឿង។
លទ្ធផលកោសល្យវិច្ច័យ រកឃើញរក្សារូបភាព screenshot ដែលសង្ស័យជាការទំនាក់ទំនងក្នុងកម្មវិធី Telegram ជាមួយអតិថិជនដើម្បីណែនាំអំពីការចុះឈ្មោះ និងប្រភេទល្បែងភ្នាល់ដែលអតិថិជនចង់លេង និងគេហទំព័រ manager.zalacasino.com ជាប្រព័ន្ធសម្រាប់ គ្រប់គ្រងអ្នកលេង, ត្រួតពិនិត្យការដាក់ភ្នាល់, គ្រប់គ្រងប្រាក់ដែលដាក់-ដក, ដែលដូចទៅនឹងការគ្រប់គ្រង កាស៊ីណូ និងការភ្នាល់កីឡាអនឡាញ (casino/sports betting system)។
ជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជា គេចវេសពីការតាមដ្ឋានសមត្ថកិច្ចលបលួចបើក ល្បែងការស៊ីណូអនឡាញខុសច្បាប់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាត់ការបន្ដតាមនីតិវិធី៕






