សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​​រដ្ឋស្តីទីនៃព្រះរាជាណាចក្រ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញ​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តពោធិ៍សាត់។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ​ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់សរុ​ប​ ៧៧៥នាក់។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ​ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ​កាន់​មូល​ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន១០ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួប​សំណេះ​សំណាល​រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ និងកំពង់ឆ្នាំង។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់​ទៅលើកិច្ច​ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់​ប្រជាពលរដ្ឋ ក៏ដូច​ជា​ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើក​ឡើង​ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធន​ធាន​ធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
យោងតាម Fresh AI ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ស្ថិត នៅ​ភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តពោធិ៍សាត់ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិចជាប់នឹងខេត្តបាត់ដំបង និងប្រទេសថៃ ខាងជើងជាប់ខេត្តសៀមរាប និងកំពង់ធំតាមបណ្ដោយបឹងទន្លេសាប ខាងត្បូង​ជាប់​ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
ខេត្តពោធិ៍សាត់បែងចែកជា១ក្រុង ៦ស្រុក ៧សង្កាត់ ៤២ឃុំ និង ៥២៧ភូមិ។ មានប្រជាជន
សរុប​ចំនួន ៥៦២.៦៨៣នាក់ ស្រី ២៨៤.៥៩៩នាក់ ស្មើនឹង ១៤១.០៦៤គ្រួសារ។ មានផ្ទៃដី​សរុប​ចំនួន ១២.៦៩២ គ.ម២ សណ្ឋានដីត្រូវបានបែងចែកជា ៤ប្រភេទ មានដូចជា៖ តំបន់ភ្នំ, តំបន់​ខ្ពង់រាប, តំបន់ទំនាបកណ្តាល និងតំបន់បឹងទន្លេសាប។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានគូសរំលេចថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រោម​ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងដោយ​មានការ​ឧបត្ថម្ភគាំទ្រពីលោក កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តពោធិ៍សាត់ គួប​​ផ្សំនឹងការយកចិត្តទុកដាក់ច្នៃប្រឌិតខ្ពស់របស់រដ្ឋបាលខេត្ត ធ្វើឱ្យខេត្តពោធិ៍សាត់​មាន​ការរីក​ចម្រើន និងប្រែមុខមាត់យ៉ាងឆាប់រហ័ស រួមទាំងមានការថែទាំបរិស្ថាន អនាម័យល្អទូទាំង​ខេត្ត តាមរយៈការអប់រំឱ្យប្រជាពលរដ្ឋចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយមានអាជ្ញាធរមូលដ្ឋាន​តាមដានត្រួតពិនិត្យជាប្រចាំ។
ដើម្បីរក្សាបានសណ្តាប់ធ្នាប់និងបរិស្ថាន បៃតង រដ្ឋបាលខេត្តបានធ្វើការអភិវឌ្ឍ​ច្រាំងស្ទឹង​ឱ្យ​មាន​សោភណភាពតាមដងស្ទឹង ចាប់ពីស្ពានអាកាសវាងក្រុង ដល់ស្ពានរថភ្លើង ត្រូវរៀបចំជាសួន​ច្បារ និងកន្លែងសម្រាប់ប្រជាពលរដ្ឋដើរកម្សាន្ត និងហាត់ប្រាណ។ ក្នុងនោះបានធ្វើការសម្រប​សម្រួលជូនប្រជាពលរដ្ឋ ដែលរស់នៅគ្មានសណ្តាប់ធ្នាប់ មិនរៀបរយមួយចំនួនដូចជា នៅជាប់​របងវិទ្យាល័យពោធិ៍សាត់ ជាប់របងស្នងការដ្ឋាននគរបាលខេត្ត ជាប់របងមន្ទីរពេទ្យខេត្ត និងការ​រស់​នៅតាមមាត់ស្ទឹងយូរឆ្នាំមកហើយ ឱ្យចាកចេញដោយស្ម័គ្រចិត្ត និងទទួលយកការដោះ​ស្រាយ​​ទីតាំងថ្មី ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ធានាការស់នៅប្រកបដោយ​សុខសុវត្ថិ​ភាព និងមានកម្មសិទ្ធស្របច្បាប់ សរុប ៣២០គ្រួសារ។ ទន្ទឹមនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពេលរាត្រី ខេត្តបានដាក់បង្គោល និងអំពូលភ្លើង ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ព្រំប្រទល់ខេត្តបាត់ដំបង (បង្គោលចំនួន១ ៧៥០ដើម អំពូលសូឡាចំនួន៣៥០០អំពូល) ដើម្បីសម្រួលដល់ការធ្វើដំណើរពេលយប់របស់សាធារណជនទូទៅ។
ក្រៅពីនេះ ខេត្តទទួលបាននូវសមិទ្ធផលធំៗ មួយចំនួនដូចជា៖
១) វិស័យធនធានទឹក៖ ខេត្តមានទំនប់ស្ទាក់ទឹក ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន បានទុកជាមរតកជូនពលរដ្ឋខេត្តពោធិ៍សាត់ គឺទំនប់ទី៣ ទំនប់ទី៥ ដែលអាចស្តុក​ទឹក​បាន​ប្រមាណ ៥០លានម៉ែត្រគូប និងទំនប់ទី១ ដំណាក់ឈើក្រំ អាចស្តុកទឹកបានប្រមាណ ១០លាន​ម៉ែត្រគូប ជាប្រភពទឹកសម្រាប់ស្រោចស្រពលើវិស័យកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។ ក្រៅពីនេះមាន៖
– ទំនប់ក្បាលហុងដំណាក់អំពិល អាចស្រោចស្រពដំណាំស្រូវលើផ្ទៃដីប្រមាណ ២៧.០០០​ហិកតា- ទំនប់ក្បាលហុងចារឹក អាចស្រោចស្រពដំណាំស្រូវលើផ្ទៃដីប្រមាណ ១៣.០០០ហិកតា។ មិន​តែប៉ុណ្ណោះ នៅក្នុងអាណត្តិទី៧នៃរដ្ឋសភានេះ ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុ​វិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានអនុញ្ញាតឱ្យក្រសួងធនធានទឹក និងឧត្តុងនិយម និងរដ្ឋបាលខេត្តសិក្សា​លទ្ធភាព​សាង​សង់ទំនប់ស្ទាក់ទឹកមួយកន្លែងទៀត គឺទំនប់ទី២ ដែលអាចស្តុកទឹកបានប្រមាណ ៨៦០​លានម៉ែត្រគូប (សម្រាបស្រោច ស្របលើផ្ទៃដី ២០ម៉ឺនហិកតា) ទំនប់ក្បាលហុង ស្ថិតក្នុង​ឃុំ​វាល ស្រុកកណ្ដៀង និងទំនប់ក្បាលហុងតាណៃ ស្ថិតក្នុងឃុំអូរតាប៉ោង ស្រុកបាកាន បន្ថែម​ទៀត ដើម្បីបំពេញសេចក្តីត្រូវការជូនប្រជាពលរដ្ឋ។
២) វិស័យថាមពល៖ មានវារីអគ្គិសនី ៣កន្លែង ទី១ដែលមានអនុភាព១២០មេហ្កាវ៉ាត់ ស្ថិតនៅ
ស្ទឹងអាតៃ ទី២ដែលមានអានុភាព ៨០មេហ្កាវ៉ាត់ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាល​វែង ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន និងទី៣ អានុភាព ១៥០មេហ្កាវ៉ាត់ ដែល​កំពុង​សាងសង់ គឺវារីអគ្គីសនី ស្ទឹងពោធិ៍សាត់១ និងវារីអគ្គីសនី ស្ទឹងមេទឹក ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។ ជាមួយគ្នានេះ ខេត្តពោធិ៍សាត់ មានស្ថានីយ៍ថាមពល​ដើរដោយ​ពន្លឺ​ព្រះ​អា​ទិត្យនៅស្រុកក្រគរ ដែលមានអានុភាពផលិតអគ្គិសនីបាន ២៤០មេហ្គាវ៉ាត់ កំពុងដំណើរការ និង​គ្រោងសាងសង់ស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យមានអនុភាព ៣៥០មេហ្គាវ៉ាត់ បន្ថែមទៀតស្ថិតនៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ក្នុងនោះក៏មានស្ថានីយស្តុកថាមពល​ដោយអាគុយ ២០០មេហ្គាវ៉ាត។
៣) វិស័យឧស្សាហកម្ម ៖ មានរោងចក្រសហគ្រាសជាច្រើនកន្លែងដូចជា៖ រោងចក្រដំឡើង​រថ​យន្តហ្វ័ត (Ford) រោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិច រោងចក្រកាត់​ដេរ​សម្លៀក​បំពាក់ រោងចក្រផលិតទឹកស្អាត និងសហគ្រាស មួយចំនួនទៀត ដែលអាចស្រូបយក​កម្លាំងពល​កម្ម ប្រមាណ ១៥ ៨១៥នាក់ ស្រី ១០ ០៦៦នាក់ បានជួយសម្រួលការងារជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ៕

You might also like