ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នាំយកចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ នៅក្រុងស្វាយរៀង
(ស្វាយរៀង)៖ ដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៦ ក្រុមការងារសាខា អនុសាខា ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា និសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ ដែលរងគ្រោះកាលពី យប់ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៦ បណ្តាលឱ្យខូចខាតផ្ទះលក់គ្រឿងអេឡិចត្រូនិច របស់ឈ្មោះ ប្រាក់ រ័ត្នមុន្នី នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ក្នុងឱកាសនោះ លោកស្រី ដួង វណ្ណា បាននាំមកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។
ជាមួយគ្នានេះ លោកស្រី បានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។
លោកស្រី ដួង វណ្ណា បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៏ ពណ៌សប្បុរ ពោលគឺទីណាមានការលំបាកទីនោះមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច។
លោកស្រីបន្តថា ជាក់ស្តែងអំណោយដែលយកមកផ្តល់ជូននាពេលនេះគឺបានមកពីការបរិច្ចាករបស់សប្បុរសជននានា ថ្វីត្បិតតែមិនសាកសមទៅនឹងអ្វីដែលបងប្អូនបាត់បង់ពិតមែន តែក៏អាចជួយដោះស្រាយបងប្អូនបានមួយរយៈពេលខ្លីផងដែរ ។
លោកស្រីបានបន្តថា រដូវប្រាំងឆ្នាំនេះមានអាកាសធាតុក្តៅខ្លាំង ដូច្នេះសូមបងប្អូនត្រូវមានការប្រុងប្រយត័្នខ្ពស់ ទោះលើការប្រើប្រាស់ភ្លើងទៀន ធូប ចង្ក្រាន និងភ្លើងអគ្គិសនី ដែលជាប្រភពអាចបណ្តាលឲ្យឆាបឆេះគ្រប់ពេលវេលាបើសិនជាយើងមិនបានត្រួតពិនិត្យ ហើយត្រូវត្រៀមបម្រុងទឹកទុកក្នុងពាង អោយជាប់ជាប្រចាំងាយស្រួលពេលមានបញ្ហាអ្វីអាចជួយសង្គ្រោះបានទាន់ពេលវេលា ។ ហើយពេលចេញទៅណា មកណាត្រូវត្រួតពិនិត្យនូវឧបករណ៍អគ្គិសនីផ្សេងៗឱ្យបានដិតដល់ ជៀសវាងមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ ។
អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០kg មី ១ កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប កៅស៊ូតង់ ១ ឆ្នាំងបាយ-សម្លរ២ កន្ទេលបត់១ មុង១ ភួយ១ ក្រម៉ា១ សារុង១ ថវិកា១លានរៀល ថវិការបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ១លានរៀលផងដែរ៕






