ចាប់ខ្លួនជនជាតិចិន ចំនួន ៤នាក់ ក្រោយលួចកាច់ ក ម៉ូតូ ជាច្រើនករណី នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបង្ក្រាបករណីលួចម៉ូតូដោយបំបែកសោ ក និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ភេទប្រុស ជនជាតិចិន ។
ដោយអនុវត្តតាមអនុសាសន៍ដឹកនាំនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនិង ជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក បានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ នៅចំណុចក្រុមទី១៨ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន ម៉ូតូ ០៩គ្រឿង, ផ្លាកលេខ ០៦សន្លឹក, ឧបករណ៍សម្រាប់ធ្វើសកម្មភាពលួច និងសម្ភារៈពាក់ព័ន្ធមួយចំនួន ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលគិតថាម៉ូតូ ឬផ្លាកលេខខាងលើជារបស់ខ្លួន សូមយកឯកសារពាក់ព័ន្ធដូចជា កាតគ្រីម៉ូតូ អត្តសញ្ញាណបណ្ណ ឬឯកសារផ្សេងៗដែលអាចបញ្ជាក់ភាពជាម្ចាស់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់ និងទទួលយកទ្រព្យសម្បត្តិរបស់ខ្លួនត្រឡប់ទៅវិញតាមនីតិវិធី ។
ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី ៕






