សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន
(ស្វាយរៀង)៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការចុះបង្ក្រាបបទល្មើសប៉ុនប៉ងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យបានចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួនធំ។
ប្រតិបត្តិការនេះនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំលោកវរសេនីយ៍ឯក ស្រី វត្ថា មេបញ្ជាការរង និងមានការចូលរួមពីលោក អភិបាលរងក្រុងបាវិត លោកមេភូមិបាវិតកណ្ដាល និងការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង ស្ថិតនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖ តុចំនួន២១, កៅអីចំនួន៥៩, ទូរស័ព្ទដៃចំនួន៦៩គ្រឿង, ទូរស័ព្ទដៃ(ក្រុមហ៊ុន) ចំនួន៥៨គ្រឿង, សៀវភៅកត់ត្រា ចំនួន៨ក្បាល, កាតបញ្ចូលទូរស័ព្ទ ១$ (មិត្តហ្វូន) ចំនួន១៨០សន្លឹក, ដុំWIFI ចំនួន២, សៀវភៅការងារជនបរទេស ចំនួន៥៦សន្លឹក, លិខិតឆ្លងដែន ចំនួន៥៥ក្បាល, ស៊ីមកាត ចំនួន១០៨, អត្តសញ្ញាណប័ណ្ណ ចំនួន២៤សន្លឹក, ប័ណ្ណបើកបរចិន ចំនួន២ និងកាតធនាគារចិនចំនួន១៩។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននាំខ្លួនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕






