មហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ! អាជីវករលក់គ្រឿងសមុទ្រម្នាក់ យកអក្សរសាស្ត្រជាតិសរសេរលើបាតជើង ដើម្បីប្រម៉ូតទំនិញ ពេលនេះចេញមុខសំពះសុំទោស

ខេត្តព្រះសីហនុ ៖ នាពេលថ្មីៗនេះ មានការវែកញែក និងផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ទៅលើស្ត្រីម្នាក់ដែលជាអាជីវករលក់គ្រឿងសមុទ្រតាមអនឡាញ បន្ទាប់ពីនាងបានបង្ហោះរូបភាព និងវីដេអូដែលបង្ហាញពីសកម្មភាពយកប៊ិចមកសរសេរអក្សរខ្មែរ និងលេខនៅលើបាតជើងទាំងសងខាងរបស់ខ្លួន ដើម្បីធ្វើការផ្សព្វផ្សាយលក់ផលិតផល។

ផ្អែកតាមរូបភាពដែលបានបែកធ្លាយ ស្ត្រីរូបនេះបានសរសេរអក្សរខ្មែរ រួមមានពាក្យថា «បញ្ចុះតម្លៃ» និង «ទិញថែម» ព្រមទាំងលេខគីឡូនៅលើបាតជើង រួចលើកបង្ហាញទៅកាន់កាមេរ៉ា។ ទង្វើនេះត្រូវបានមហាជនចាត់ទុកថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអក្សរសាស្ត្រជាតិ ដែលជាអត្តសញ្ញាណ និងជាព្រលឹងរបស់ដូនតាខ្មែរ មិនអាចយកមកលេងសើច ឬដាក់នៅកន្លែងទាបថោកបែបនេះឡើយ។
ឆ្លើយតបនឹងរលកនៃការរិះគន់នេះ គណនីហ្វេសប៊ុករបស់អាជីវកររូបនោះ ក៏បានលុបវីដេអូនោះចេញ និងបានថតវីដេអូថ្មីមួយដើម្បីធ្វើការសំពះសុំទោសជាសាធារណៈ។ នៅក្នុងវីដេអូបកស្រាយនោះ នាងបានលើកដៃសំពះ និងរៀបរាប់ទាំងទឹកមុខស្ងួតថា ខ្លួនមិនមានចេតនាអាក្រក់ក្នុងការបង្អាប់ ឬប្រមាថអក្សរសាស្ត្រជាតិឡើយ គឺគ្រាន់តែធ្វើឡើងក្នុងគោលបំណងចង់ប្រម៉ូតទំនិញខ្មែរ និងជួយលក់ក្ដាមរបស់បងប្អូនខ្មែរតែប៉ុណ្ណោះ។ នាងបានបន្ថែមថា ដោយសារតែការគិតមិនបានដិតដល់ ទើបធ្វើឱ្យមានកំហុសឆ្គងបែបនេះ ហើយក៏បានសំណូមពរដល់ពុកម៉ែបងប្អូនមេត្តាកុំប្រកាន់ទោសអូសដំណើរ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានទស្សនាវីដេអូសុំទោសនោះរួច មហាជនជាច្រើននៅតែបង្ហាញការមិនពេញចិត្ត និងបានចោទសួរថា តើការសុំទោសនេះចេញពីចិត្តពិតប្រាកដ ឬគ្រាន់តែជាការសម្តែងដើម្បីគេចវេសពីកំហុស? ជាមួយគ្នានេះ ព្រោះតែការប្រើប្រាស់ពាក្យសម្តី និងកាយវិការមួយចំនួននៅក្នុងវីដេអូ មហាជនក៏បានដាក់ការសង្ស័យទៅលើសញ្ជាតិ និងភាសាដែលនាងកំពុងប្រើប្រាស់ផងដែរ។
ពាក់ព័ន្ធនឹងករណីនេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងបណ្តាញសង្គម បានលើកយកករណីនេះមកប្រៀបធៀបទៅនឹងតម្លៃនៃអក្សរសាស្ត្រ ដែលពលរដ្ឋគ្រប់រូបត្រូវតែលើកស្ទួយ មិនមែនយកមកជាន់ឈ្លីបែបនេះឡើយ។ មហាជនក៏បានគោរពស្នើសុំទៅដល់សមត្ថកិច្ចក្រុងកំពង់សោម (ក្រុងព្រះសីហនុ) ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ និងថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យ និងមានវិធានការណែនាំ ឬចាត់ការទៅតាមផ្លូវច្បាប់ចំពោះស្ត្រីរូបនេះ ដើម្បីកុំឱ្យមានការយកតម្រាប់តាមអាក្រក់បែបនេះទៅថ្ងៃក្រោយ ដែលនាំឱ្យប៉ះពាល់ដល់វប្បធម៌ និងអក្សរសាស្ត្រដ៏ថ្លៃថ្លារបស់ជាតិ៕

You might also like