លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ឃាតកម្មចិនចាក់សម្លាប់ចិនគ្នាឯង រួចដាក់ក្នុងរថយន្តយកទៅផ្លុងចោលនៅខណ្ឌដង្កោ ពេលនេះកម្លាំងនគរបាលកំពុងតាមស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត តាមចាប់ជនដៃដល់
(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ នៅក្នុងខណ្ឌដង្កោ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ក្រោយពលរដ្ឋប្រទះឃើញសពជនជាតិចិនម្នាក់ ត្រូវបានគេយកទៅផ្លុងចោល ដែលព័ត៌មាននេះត្រូវបាន គេចែកចាយ ជាពិសេសជនជាតិចិនបានយកទៅបង្ហោះយ៉ាងច្រើននៅក្នុងបណ្តាញសង្គម WeChat និងបណ្តាញសង្គមផ្សេងទៀត នាំឲ្យជនជាតិចិនមួយចំនួនមានការគិតមិនល្អពីស្ថានភាពសន្តិសុខក្នុងស្រុករបស់យើង។
ជាមួយព័ត៌មានដ៏រស៊ើបនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ កំពុងសហការជាមួយកម្លាំងនគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បាននិងកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ក្រុមជនដៃដល់ដែលជាជនជាតិចិនគ្នាឯង មកកាត់ទោសតាមច្បាប់។
សូមបញ្ជាក់ថា ជនរងគ្រោះជាជនជាតិចិនត្រូវបានឃាតកសម្លាប់ ហើយដឹកយកមកផ្លុងចោលក្នុងរថយន្តព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BH-1311 នៅចំណុចដីវាលមួយកន្លែងក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មានថា «ករណីឃាតកម្ម ដែលជនជាតិចិនចាក់សម្លាប់ជនជាតិចិនគ្នាឯង រួចដាក់ក្នុងរថយន្តព្រុស ផ្លុងចោលនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសហការជាមួយនាយកដ្ឋានជំនាញចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវតាមចាប់ខ្លូន ជនសង្ស័យហើយ»៕






