សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការសាងសង់ អគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារថ្មី និងរំពឹងខ្ពស់ថាអគារនេះនឹងចូលរួមពង្រឹងការកៀរគរចំណូលជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការចំពោះកិច្ចសម្រាប់ការសាងសង់ អគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារនេះ ដែលជាគំនិតផ្ចុងផ្តើមរបស់សម្ដេចផ្ទាល់។
ក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងក្រៃលែង ដែលបានឃើញសមិទ្ធផល អគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ ដែលជាគំនិតផ្ចុងផ្តើមរបស់ខ្ញុំផ្ទាល់ ត្រូវបានសាងសង់សម្រេចដោយជោគជ័យជាស្ថាពរ និងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការចំពោះកិច្ចសម្រាប់ការសាងសង់ អគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារនេះ ដែលបានគិតគូរយ៉ាងម៉ត់ចត់ គ្រប់ជ្រុងជ្រោយ នៅក្នុងការស្ថាបនាអគារដ៏ស្រស់ស្អាត ទំនើប ស៊ីវិល័យ ព្រមទាំងអាចបំពេញមុខងារ ប្រើប្រាស់បានយ៉ាងពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។
សមិទ្ធផលដ៏វិសេសវិសាលនេះ មិនត្រឹមតែជានិមិត្តរូបមួយ នៃភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃភាពរឹងមាំ និងសមត្ថភាពខ្ពស់ ក្នុងការប្រមូលចំណូលថវិកាជូនជាតិមាតុភូមិ។
ខ្ញុំមានសេចក្តីរំពឹងខ្ពស់ថា អគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារដ៏ថ្មីសន្លាងនេះ នឹងចូលរួមលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនវានុវត្តន៍នៃការផ្តល់សេវាសាធារណៈ និង ពង្រឹងការកៀរគរចំណូលជាតិ ឱ្យកាន់តែល្អប្រសើរឡើង សំដៅគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងការសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា»៕






