រដ្ឋាភិបាលចេញអនុក្រឹត្យ កំណត់ប្រភេទសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា

(ភ្នំពេញ)៖ រដ្ឋាភិបាល បានចេញអនុក្រឹត្យថ្មី ដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព និងការប្រមូលចំណូលមិនមែនសារពើពន្ធ សម្រាប់ជាគុណប្រយោជន៍ដល់ ថវិកាជាតិ ព្រមទាំងជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមអនុក្រឹត្យ ស្ដីពីសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ដែលចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

តាមអនុក្រឹត្យនេះបានបញ្ជាក់ថា ប្រភេទសេវាសាធារណៈលើការងារអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា រួមមាន៖
* សេវាអត្រានុកូលដ្ឋាន ដូចជា ១-ការចុះបញ្ជី និងផ្តល់សំបុត្រកំណើត ឬសំបុត្រមរណភាព ឬសំបុត្រអាពាហ៍ពិពាហ៍ដំបូង,២- ការកែតម្រូវទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ដែលជាកំហុសបច្ចេកទេសដោយមន្ត្រីអត្រានុកូលដ្ឋាន,៣- ការចុះបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ។
* សេវាស្ថិតិប្រជាពលរដ្ឋ និងគ្រប់គ្រងការស្នាក់នៅ ដូចជា១- ការផ្តល់សៀវភៅស្នាក់នៅដំបូង,២- ការកែតម្រូវទិន្នន័យក្នុងសៀវភៅស្នាក់នៅ ដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជី,៣- ការបន្ថែម ឬបន្ថយសមាជិក ក្នុងសៀវភៅស្នាក់នៅ,៤- ការផ្តល់សៀវភៅគ្រួសារដំបូង,៥- ការកែតម្រូវទិន្នន័យក្នុងសៀវភៅគ្រួសារ ដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជី,៦- ការបន្ថែម ឬបន្ថយសមាជិកគ្រួសារ ក្នុងសៀវភៅគ្រួសារ។
* សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដូចជា ១- ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង,២- ការកែតម្រូវទិន្នន័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលជាកំហុសបច្ចេកទេសដោយមន្ត្រី ចុះបញ្ជី។
* ការផ្តល់លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល ក្នុងវិស័យយុត្តិធម៌ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលស្នើសុំដោយអាជ្ញាធរមានសមត្ថកំ ឬតុលាការ។
ចំណែក ប្រភេទសេវាសាធារណៈលើការងារអត្តសញ្ញាណកម្ម ដែលតម្រូវឱ្យបង់កម្រៃសេវា រួមមាន៖
* សេវាអត្រានុកូលដ្ឋាន ដូចជា ១- ការផ្តល់សំបុត្រកំណើត ឬសំបុត្រមរណភាព ឬសំបុត្រអាពាហ៍ពិពាហ៍ ច្បាប់ដើមឡើងវិញ ករណីខូចខាត ឬបាត់បង់,២- ការផ្តល់បណ្ណប្រកាសអាពាហ៍ពិពាហ៍,៣- ការផ្តល់សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្រមរណភាព ឬសំបុត្រអាពាហ៍ពិពាហ៍,៤- ការកែតម្រូវទិន្នន័យ ឬមោឃភាពបញ្ជីអត្រានុកូលដ្ឋានឱ្យមានសង្គតិភាពទិន្នន័យ ករណីមាន ឯកសារត្រឹមត្រូវ និងគ្រប់គ្រាន់,៥- ការកែតម្រូវទិន្នន័យ ឬមោឃភាពបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចតុលាការ,៦- ការផ្តល់សម្រង់បញ្ជីកំណើតរស់ ឬមរណភាព ឬអាពាហ៍ពិពាហ៍,៧- ការផ្តល់សេចក្តីចម្លងសំបុត្រកំណើត សម្រាប់បុគ្គលដែលបានទទួលព្រះរាជក្រឹត្យផ្តល់ សញ្ជាតិខ្មែរ,៨- ការផ្តល់សេចក្តីសម្រេចស្តីពីការចុះបញ្ជីអាពាហ៍ពិពាហ៍រវាងប្រជាពលរដ្ឋខ្មែរ និងជនបរទេស,៩- ការផ្តល់លិខិតបញ្ជាក់ភាពនៅលីវ ឬមេម៉ាយ ឬពោះម៉ាយ និង១០- ការផ្តល់លិខិតបញ្ជាក់ការលែងលះតាមសេចក្តីសម្រេចរបស់តុលាការ។
* សេវាស្ថិតិប្រជាពលរដ្ឋ និងគ្រប់គ្រងការស្នាក់នៅ ដូចជា ១- ការផ្តល់សៀវភៅស្នាក់នៅទុតិយតា ករណីខូចខាត ឬបាត់បង់,២- ការកែតម្រូវទិន្នន័យក្នុងសៀវភៅស្នាក់នៅឱ្យមានសង្គតិភាពទិន្នន័យ ករណីមានឯកសារ ត្រឹមត្រូវ និងគ្រប់គ្រាន់,៣- ការផ្តល់លិខិតបញ្ជាក់ទីលំនៅសម្រាប់ពលរដ្ឋខ្មែរ,៤- ការផ្តល់លិខិតបញ្ជាក់ទីលំនៅសម្រាប់ជនបរទេស,៥- ការផ្តល់សៀវភៅគ្រួសារទុតិយតា ករណីខូចខាត ឬបាត់បង់,៦- ការកែតម្រូវទិន្នន័យក្នុងសៀវភៅគ្រួសារ ឱ្យមានសង្គតិភាពទិន្នន័យ ករណីមានឯកសារត្រឹមត្រូវ និងគ្រប់គ្រាន់ និង៧- ការស្នើសុំផ្លាស់ប្តូរទីលំនៅ។
* សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដូចជា១- ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ដោយសេវាឆាប់រហ័ស,២- ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ករណីអស់សុពលភាពដោយសេវាឆាប់រហ័ស, ៣- ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ករណីខូចខាត ឬបាត់បង់, ៤- ការកែតម្រូវទិន្នន័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យមានសង្គតិភាពទិន្នន័យ ករណីមាន ឯកសារត្រឹមត្រូវ និងគ្រប់គ្រាន់ និង៥- ការប្តូររូបថត និង/ឬអាសយដ្ឋានលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មុនអស់សុពលភាព ឬ សម្រាប់ព្រះសង្ឃដែលលាចាកសិក្ខាបទ។
* សេវាលិខិតឆ្លងដែន ដូចជា ១- ការផ្តល់លិខិតឆ្លងដែន ,២- ការផ្តល់លិខិតឆ្លងដែនបណ្តោះអាសន្ន ,៣- ការផ្តល់លិខិតធ្វើដំណើរសម្រាប់ពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ,៤- សេវាថតរូប និងរៀបចំសំណុំឯកសារធ្វើលិខិតឆ្លងដែន លិខិតឆ្លងដែនបណ្តោះអាសន្ន ឬ លិខិតធ្វើដំណើរសម្រាប់ពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស និង៥- ការផ្តល់លេខពិសេសលិខិតឆ្លងដែន។
* សេវាសញ្ជាតិ ដូចជា ១- ការរៀបចំបែបបទស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ,២- ការរៀបចំបែបបទស្នើសុំលះបង់សញ្ជាតិខ្មែរ ,៣- ការរៀបចំបែបបទស្នើសុំទាមទារសញ្ជាតិខ្មែរ តាមរយៈអាពាហ៍ពិពាហ៍ ,៤- ការរៀបចំបែបបទការងារសម្បថ បន្ទាប់ពីទទួលបានព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរ។

* សេវាផ្ទៀងផ្ទាត់ទិន្នន័យ សេវាបញ្ជាក់អត្តសញ្ញាណបុគ្គល និងសេវាប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល លើការងារអត្តសញ្ញាណកម្ម ដូចជា ១- ការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល ,២- ការផ្តល់លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល ,៣- ការផ្តល់លិខិតបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល ,៤- ការផ្តល់សេវាភ្ជាប់ប្រព័ន្ធផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គលប្រចាំឆ្នាំ ,៥- សេវាប្រើប្រាស់ និងថែទាំគណនីលើកម្មវិធី អត្តសញ្ញាណកម្មខ្មែរអេឡិចត្រូនិក (Khmer eID) និង៦- សេវាប្រើប្រាស់សន្ធានកម្មនៃកម្មវិធីកុំព្យូទ័រអត្តសញ្ញាណឌីជីថល៕

You might also like