បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយម៉ូតូសណ្ដោងរុឺម៉កដឹកទឹកកក កំពុងតែឈប់ដាក់ឲ្យម៉ូយ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយម៉ូតូសណ្ដោងរុឺម៉កដឹកទឹកកកកំពុងតែឈប់ដាក់ឲ្យម៉ូយយ៉ាងពេញទំហឹង កាលពី យប់ថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្ដោងរុឺម៉កដឹកទឹកកកមួយគ្រឿងកំពុងតែឈប់ដាក់ទឹកកក ឲ្យម៉ូយនៅលើដងផ្លូវថៃហ្គ័រ ភ្លាមនោះដែរស្រាប់តែគេឃើញមានបុរសរងគ្រោះជិះម៉ូតូម៉ាក HONG DA PCX ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 1W-2158 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវថៃហ្គ័រទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតទៅបុកពីក្រោយរម៉កចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសរងគ្រោះដួលបោកក្បាលស្លាប់ភ្លាមៗ ចំណែកឯម្ចាស់ម៉ូតូសណ្តោងរុឺម៉កបានរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយកម៉ូតូនិងម៉ូតូសណ្ដោងរម៉កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅជាបណ្តោះអាសន្នរង់ចាំភាគីសងខាងមកស្រាយគ្នានៅពេលក្រោយ៕

You might also like