ជំនាញរដ្ឋបាលជលផលខេត្តកំពង់ស្ពឺ បង្ក្រាបសម្ភារៈនេសាទខុសច្បាប់ ប្រវែងជាង២០០០ម៉ែត្រដុតកម្ទេចចោល
ខេត្តកំពង់ស្ពឺ៖ សម្ភារៈនេសាទខុសច្បាប់ ប្រមាណជាង២០០០ម៉ែត្រ ត្រូវបានជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ស្ពឺសហការជាមួយអាជ្ញាធរឃុំរការកោះ ស្រុកគងពិសី បានចុះរុះរើ ដុតកម្ទេចចោល នៅកន្លែង។
ការចុះរុះរើសម្ភារៈនេសាទខុសច្បាប់ ដឹកនាំដោយ លោក យូ សំអូន នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នៅចំណុចទំនប់អូរតាពូង ស្ថិតភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
លោក យូ សំអូន នាយរងខណ្ឌជលផលកំពង់ស្ពឺ បាននិយាយឱ្យដឹងលោកបានធ្វើការដឹកនាំមន្ត្រីជំនាញជាច្រើន កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ ចុះអនុវត្តន៍នេសាទខុសច្បាប់ ដោយយោងលិខិតបេសកកម្មលេខ: ៥៦១ កសរន.កស្ព ចុះថ្ងៃចន្ទ១ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ និងបានសហការជាមួយអាជ្ញាធរដែន ដីឃុំរកាកោះ ស្រុកគងពិសីរួមមាន:
១- លោក សេង លី ក្រុមប្រឹក្សាឃុំ
២-លោក ព្រុំ សាន ក្រុមប្រឹក្សាឃុំ
៣-លោក អាន គឹមយី មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំ
៤-លោក អ៉ឹម ផល អនុប្រធានប្រជាការពារភូមិ។ បានចុះរុះរើរបាំងស្បៃមុង និងលបប្រឹស១០០ នៅចំណុចទំនប់អូរតាពូង ស្ថិតភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
លោក យូ សំអូន នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ស្ពឺបានបន្តឱ្យដឹងថា ជាលទ្ធផលការងារសម្រេចបានដូចខាងក្រោម ដកហូតសាច់អួនស្បៃមុងប្រវែងចំនួន២៤៥០ម៉ែត្រ ក្នុងនោះមាន÷លបប្រឹស១០០ចំនួន មួយខ្សែ ប្រវែង២៥ម៉ែត្រ ,លូចំនួន២០មាត់ ប្រវែង ២០០ម៉ែត្រ ,របាំងស្បៃមុងចំនួន ៤០ខ្សែ ប្រវែង២,០០០ម៉ែត្រ ,បង្គោលចម្រឹង ចំនួន២៥០ដើម, ត្រីធម្មជាតិចំរុះប្រមាណ២,៥០គីគូឡូក្រាម(២គីឡូកន្លះ) បានលែងចូលទឹកធម្មជាតិវិញអស់ហើយ។
លោក យូ សំអូន នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ចំពោះឧបករណ៍ល្មើសច្បាប់ស្តីពីជលផល ដែលក្រុមការងារចុះរុះរើទាំងអស់នោះត្រូវបានក្រុមការងារមានទាំងអាជ្ញាធរឃុំ និងសមត្ថកិច្ចជំនាញជលផលបានឯកភាពគ្នាដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង។
ជំនាញរដ្ឋបាលជលផលខេត្តកំពង់ស្ពឺក៏សូមអំពាវនាវដល់ជនល្មើសនិងប្រជាពលរដ្ឋទាំងអស់សូមបញ្ឈប់ ការនេសាទខុសច្បាប់ ដែលជំនាញធ្វើការហាមឃាត់ វាជាអំពីល្មើសច្បាប់៕






