កម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើដុតបំផ្លាញជណ្តើរឈើឡើងប្រាសាទខ្នារដោយយោធាថៃ
ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដោយថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជណ្តើរឈើឡើងប្រាសាទខ្នារ ដោយកងកម្លាំងយោធាថៃ។
ជណ្តើរឈើដែលត្រូវបានកសាងឡើងដោយអាជ្ញាធរកម្ពុជាកាលពីឆ្នាំ២០១៧ មានចំនួន ១,១៨១កាំ ប្រវែង ៣២៥ម៉ែត្រ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស និងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន។
ក្រសួងបានចាត់ទុកទង្វើបំផ្លិចបំផ្លាញនេះថា ជាការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី បង្កើតស្ថានភាព Fait accompli និងលុបបំបាត់ភស្តុតាងដែលបង្ហាញពីការគ្រប់គ្រង អភិរក្ស និងថែរក្សាទីតាំងប្រាសាទ និងទេសភាពវប្បធម៌ជុំវិញដោយកម្ពុជា។
ជាមួយគ្នានេះ ក្រសួងបានសម្តែងការតវ៉ាយ៉ាងម៉ឺងម៉ាត់បំផុត និងបដិសេធទាំងស្រុងចំពោះផែនការរបស់ភាគីថៃ ក្នុងការរៀបចំព្រឹត្តិការណ៍សាធារណៈ ពិធីសាសនា សកម្មភាពទេសចរណ៍ និងការបើកប្រាសាទតាក្របីឱ្យសាធារណជនចូលទស្សនា ព្រមទាំងការលក់សំបុត្រចូលទស្សនា ដែលបានគ្រោងធ្វើនៅថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ២០២៦។
ក្រសួងបានគូសបញ្ជាក់ថា ប្រាសាទតាក្របី និងប្រាសាទខ្នារ ស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដូចមានបញ្ជាក់ច្បាស់តាមសន្ធិសញ្ញា និងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ ការរៀបចំសកម្មភាពទាំងនេះដោយអាជ្ញាធរថៃ គឺជាការអនុវត្តអំណាចដោយខុសច្បាប់លើទឹកដីកម្ពុជា និងរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ជាចុងក្រោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ គោរពកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងចៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង។ កម្ពុជានៅតែប្តេជ្ញាចិត្តការពារអធិបតេយ្យភាព អភិរក្សបេតិកភណ្ឌវប្បធម៌ និងស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាពតាមរយៈផ្លូវច្បាប់ និងការទូត៕







