ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
គួរបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕






