កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បន្ដពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams ចំនួន១០០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន១,០៦៣នាក់ គ្មានលិខិតឆ្លងដែន៦នាក់ និងជាប់សង្ស័យបទល្មើស២ករណី
(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងមាត់មិនរាថយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ទៅកាន់អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បន្តបំពេញការងារព្រមៗគ្នាដោយបានប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន។
ជាក់ស្តែងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ ក្រុមការងារ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន១០០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន១,០៦៣នាក់ (ស្រី៣៨១នាក់) គ្មានលិខិតឆ្លងដែនចំនួន៦នាក់។ ក្នុងចំណោម១០០ទីតាំងនេះ ក្នុងនោះ ក្រុមការងារបានពិនិត្យឃើញមានទីតាំងសង្ស័យប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន២ករណី។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន២ករណីនេះ គឺនៅផ្ទះវីឡាស្ថិតនៅផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៧នាក់ (ស្រី ១នាក់) ជនជាតិខ្មែរ៤នាក់ និងជនជាតិវៀតណាម១៣នាក់ (ស្រី ១នាក់) ព្រមទាំងដកហូតវត្ថុ តាង រួមមាន ៖ ទូរស័ព្ទ ៣៤គ្រឿង កុំព្យូទ័រ (All In One និង Laptop) ១៥៦គ្រឿង, កាំភ្លើងខ្លី ១ដើម, ទូដែក ៣គ្រឿង, ជញ្ជីងថ្លឹង ១គ្រឿង, លិខិតឆ្លងដែន ១ក្បាល, ស៊ីមកាតអន្តរជាតិ១ និងសម្ភារៈមួយចំនួនធំដែលក្នុងនោះ មានខ្លះពួកប្រព្រឹត្តបទល្មើសគេបានយកទៅទម្លាក់លាក់ទុកចោលក្នុងស្រះទឹក ដើម្បីបំបាត់ភស្ដុតាង តែសមត្ថកិច្ចនៅតែរកឃើញ។ នៅផ្ទះលេខ៩១ ផ្លូវលេខP១០D គម្រោងប៉ូឡារីស២ បុរីប៉េងហួត ស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ២៥នាក់ (ស្រី៣នាក់) ព្រមទាំងដកហូតវត្ថុតាង រួមមាន ៖ លិខិតឆ្លងដែន ៦ក្បាល និងសម្ភារៈបម្រើឱ្យបទល្មើស មួយចំនួន។ តាមការធ្វើកោសល្យវិច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច (ទូរស័ព្ទ និងកុំព្យូទ័រ) របស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថាទីតាំងខាងលើសង្ស័យជាប់ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា ដោយឡែកនៅខណ្ឌកំបូល ក្រុមការងារបង្រ្កាបបានករណីសង្ស័យរក្សាទុកសម្ភារៈប្រព្រឹត្តបទល្មើស ONLINE SCAMS និងរក្សាទុកសម្ភារៈធ្វើទារុណកម្មជំរិតទាប្រាក់ ១ករណី នៅបុរី MH០១ គម្រោង៥ ផ្ទះលេខ១១០ ផ្លូវលេខ០៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល ឃាត់ខ្លួនជនជាតិចិន៤នាក់ ព្រមទាំងសម្ភារៈរួមមាន ៖ ទូរស័ព្ទចំនួន ០៩គ្រឿង, កុំព្យូទ័រចំនួន ០១គ្រឿង, លិខិតឆ្លងដែនចំនួន ០៤ច្បាប់, ស្រោមដៃចំនួន ០១គូរ, ពិលចំនួន ០១, ដំបងក្រលាស់ចំនួន ០២ដើម, អាវុធខ្លីម៉ាក ZORAKI M906-TD ចំនួន ០១ដើម, បង់អាវុធចំនួន ០១បង់, គ្រាប់ចំនួន ០៦គ្រាប់ ស្កុតចំនួន ០១ដុំ, ខ្សែសៀល ពណ៌ខ្មៅចំនួន ០១ដុំ, ខ្សែគោចំនួន ០២ខ្សែ, ក្រដាស់ស្លាកលេខចំនួន ០៤ក្រដាស់, ស្លាកលេខចិនចំនួន ០១ស្លាក, ស៊ីមកាតមួយចំនួន, កាតចិន និងកាតសៀវភៅការងារជនបរទេសមួយចំនួន, សារ៉ាងចាក់ និងថ្នាំមួយចំនួន, ដែកការពារគ្រាប់ចំនួន ០៦បន្ទះ ស្មើនិង០៣ឈុត, កាណុងតចំនួន ០១ដើម, ខ្នោះដៃចំនួន ០៣គូរ, ស្រោមខ្នោះ ចំនួន ០៣, លុយដុល្លារចំនួន ២០០ដុល្លារអាមេរិកគត់, លុយខ្មែរ ចំនួន ២៣០០០រៀល, លុយចិនចំនួន ១៦សន្លឹក ស្មើនិង ២៥YUAN, លុយឡាវ ចំនួន ១២សន្លឹក ក្រដាស់១០ម៉ឺន ចំនួន ១១សន្លឹក ក្រដាស់១ម៉ឺន ចំនួន ០១សន្លឹក, លុយវៀតណាម ចំនួន ០១សន្លឹក ក្រដាស់ ១ម៉ឺន, លុយហុងកុង ចំនួន ០២សន្លឹក ស្មើនិង ៦០ដុល្លារហុងកុង, លុយថៃ ចំនួន ០៦សន្លឹក ស្នើនិង ៧៦០បាត, លុយម៉ាឡេស៊ី ចំនួន ០៣សន្លឹក ស្មើនិង ១៥៥RINGGIT, រថយន្ត ចំនួន ០២គ្រឿង (ម៉ាក BMW ពាក់ស្លាកលេខ ភ្នំពេញ ២AG-៣២១៦ និងរថយន្តម៉ាក RANGROVER ពាក់ស្លាកលេខ កម្ពុជា ZF-១៦៨៨), ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក PCX ពាក់ស្លាកលេខ តាកែវ ១N-២៣២១ និងម៉ូតូកង់បី ចំនួន ០១គ្រឿង គ្មានស្លាកលេខ។ ករណីនេះ ជនសង្ស័យ និងសម្ភារៈខាងលើ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីស្រាវជ្រាវបន្ត។ ចំពោះទីតាំងខាងលើ ក្រុមការងារសម្រេចបិទឃ្លុំជាបណ្ដោះអាសន្ន។
ចំណែកនៅខណ្ឌចំការមន ក្រុមការងារបានចុះត្រួតពិនិត្យចំនួន ១ទីតាំង គឺអគារ The Bridge (Residence និង SOHO) ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ក្នុងនោះពិនិត្យឃើញ មានជនបរទេសស្នាក់នៅ ចំនួន ៥៤៩នាក់ (ស្រី ២៣១) គ្មានលិខិតឆ្លងដែនចំនួន ៣នាក់។ ក្នុងនោះ ក្រុមការងារបានពិនិត្យឃើញ មានទីតាំងប្រព្រឹត្តបទល្មើស ចំនួន២ករណី នៅអគារ The Bridge (Residence និ ង SOHO) ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងករណីរស់នៅខុសច្បាប់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
នៅបន្ទប់លេខ២៣៥៩ ជាន់ទី២៣ នៃអគារ The Bridge (Residence និ ង SOHO) ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យ ចំនួន ១នាក់ ដកហូតវត្ថុតាង រួមមាន ៖ រុក្ខជាតិក្រៀម (កញ្ឆា) ១៣១ដុំ (ចំនួន ៤វ៉ាលីធំ) ស្មើនឹង៦៥គីឡូក្រាម។ តាមការធ្វើកោសល្យវិច័យលើសម្ភារៈ វត្ថុតាង របស់សមត្ថកិច្ចជំនាញ នៃការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថាទីតាំងខាងលើ សង្ស័យជាប់ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនខុសច្បាប់។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
ដោយឡែកនៅក្នុងរដ្ឋបាលខណ្ឌមានជ័យវិញ ក្រុមការងារបានពិនិត្យឃើញ មានទីតាំងប្រព្រឹត្តបទល្មើស ចំនួន ១ករណី នៅក្លឹបបុកប៊ីយ៉ា ស៊ី អេស ៦០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន១៣នាក់ ដកហូតវត្ថុតាង រួមមាន ៖ តុហ្គេមបាញ់ត្រី២ តុចែកបៀរ៧, ទូម៉ាស៊ីនហ្គេម៣, លុយបរទេស ៧.០៤០ដុល្លារ និងលុយខ្មែរ ៣៦០.០០០រៀល។ តាមការធ្វើកោសល្យវិច័យលើសម្ភារៈ វត្ថុតាង ឧបករណ៍អេឡិចត្រូនិចរបស់សមត្ថកិច្ចជំនាញនៃការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថា ទីតាំងខាងលើសង្ស័យជាប់ពាក់ព័ន្ធករណីលេងល្បែងស៊ីសងខុសច្បាប់។
បច្ចុប្បន្នទីតាំងត្រូវបានបិទឃ្លុំ ចំពោះជនសង្ស័យ និងសម្ភារៈ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមថា ក្នុងថ្ងៃដដែលនោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ តាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៣ទីតាំង មនុស្សចំនួន៤នាក់ គិតជាថវិកាសរុបបានចំនួន ១៦;០០០,០០០រៀល៕






