សម្តេចតេជោ ហ៊ុន សែន មិនបានចេញលុយឱ្យលោក ហេង ឡុង សងគេនោះឡើយ គ្រាន់តែណែនាំឱ្យទៅខ្ចីអ្នកមានលុយម្នាក់
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញមកបញ្ជាក់ថា សម្តេចមិនបានផ្តល់លុយឱ្យលោក ហេង ឡុង យកទៅសងគេនោះឡើយ។ សម្តេចគ្រាន់តែជួយណែនាំឱ្យលោក ហេង ឡុង ទៅខ្ចីអ្នកមានប្រាក់ម្នាក់ ដែលមានការយោគយល់ខ្ពស់។
ការចេញមកបញ្ជាក់បែបនេះ ក្រោយពេលមានការភ័ន្តច្រឡំមួយចំនួនថា សម្តេចតេជោ បានផ្តល់លុយជូនលោក ហេង ឡុង យកទៅសងគេ ដើម្បីបានគេចផុតពីការចាប់ខ្លួន។
ខាងក្រោមជាសំណេរដើមទាំងស្រុងរបស់សម្តេចតេជោ៖
ដើម្បីជៀសវាងការភ័នច្រឡំ ខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពុំមានប្រាក់ផ្តល់ជូនលោក ហេង ឡុងទេ។ ដោយសាររឿងនេះវាហាក់ដូចជាធ្ងន់ធ្ងពេកទើបខ្ញុំពិភាក្សាជាមួយលោក ហេង ឡុងដើម្បីរកដំណោះស្រាយដោយខ្ញុំពឹងអ្នកមានប្រាក់ម្នាក់ ដើម្បីឲ្យលោក ហេង ឡុង ទៅខ្ចីពីបុគ្គលនោះ យកទៅសងម្ចាស់បំណុលដែលលោក ហេង ឡុង ជំពាក់ពីមុនទាំងអស់។
លោក ហេង ឡុង នៅតែជំពាក់បំណុលដដែលតែជំពាក់អ្នកថ្មីដែលមានការយោគយល់ និងការអនុគ្រោះច្រើន។
ខ្ញុំជឿលើសមត្ថភាពរបស់លោក ហេង ឡុង ដែលនឹងរកប្រាក់សងម្ចាស់បំណុលថ្មីបាន។ សង្ឃឹមថា ការពន្យល់នេះ នឹងធ្វើឱ្យបងប្អូនយល់ជៀសវាងការភ័នច្រឡំថា ខ្ញុំសងបំណុលជំនួសលោក ហេង ឡុង៕






