កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដចុះពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្ត Online Scams នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេស២២នាក់

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងចំនួន៣ ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត រកឃើញជនបរទេសសរុបចំនួន៧៤នាក់ស្រី២១នាក់ ១សញ្ជាតិ ជាជនជាតិឥណ្ឌូនេស៊ី។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងមានការក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ទីតាំងដែលកម្លាំងគណ:បញ្ជាការឯកភាពខេត្តចុះត្រួតពិនិត្យ រួមមាន៖
*ទីតាំងទី១៖ អគារកម្ពស់៤ជាន់ (ម្ចាស់ ទៀង សេងហួន) ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន២២នាក់ ស្រី៦នាក់ រកឃើញសម្ភារសង្ស័យមួយចំនួន តាមការធ្វើកោសលយ្យវិច្ច័យឃើញថា ជាបទល្មើសឆបោក Online Scams ក្នុងរូបភាព ឆបោកក្លែងធ្វើជាអ្នកប្រមូលពន្ធ ទិសដៅឆបោកទៅប្រទេសឥណ្ឌូនេស៊ី។
ចំណាត់ការបញ្ជូនជនបរទេសទាំងអស់ ទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្ដនីតិវិធី និងជំនាញបន្ដស្រាវជ្រាវរកម្ចាស់ទីតាំង និងបិទទីតាំងជាបណ្ដោះអាសន្ន។
*ទីតាំងទី២៖ ម្ចាស់ ថន កុម្ភៈ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យអប់រំ និងធ្វើកិច្ចសន្យា។
*ទីតាំងទី៣៖ ម្ចាស់ ហោយូវែង និងប្រពន្ធ យី សុភី ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ី៥២នាក់ ស្រី១៥នាក់ (៥នាក់ប្រុស ពុំមានលិខិតឆ្លងដែននៅជាប់ខ្លួន) ទីតាំងពុំមានសម្ភារៈសង្ស័យ។
ចំណាត់ការជនបរទេសចំនួន៥នាក់ប្រុស ពុំមានលិខិតឆ្លងដែនជាប់ខ្លួនប្រគល់ឲ្យកម្លាំងជំនាញអន្ដោប្រវេសន៍ក្រុង សាកសួរបន្ដនីតិវិធី និងសមត្ថកិច្ចជំនាញបន្ដស្រាវជ្រាវរកម្ចាស់ទីតាំង ដើម្បីអប់រំណែនាំ និងផាកពិន័យដែលមិនបានរាយការណ៍ពីវត្តមានជនបរទេសស្នាក់នៅទីតាំងរបស់ខ្លួន៕

You might also like