គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេស រកឃើញមានជាប់ព័ន្ធករណីប្រព្រឹត្ត Online Scams

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាលការស្នាក់នៅរបស់ជនបរទេស តាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល បានចំនួន៣ទីតាំងគឺ៖ បុរី អង្គរភ្នំពេញ (ភូមិបន្លាស្អិត សង្កាត់ឃ្មួញ) បុរីភ្នំពេញថ្មី ផាកស៊ីធី (ភូមិឧញ៉ាវាំង សង្កាត់ភ្នំពេញថ្មី) និងបុរីពិភពថ្មី អាស៊ីអាគ្នេយ៍ (ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម) មានសរុបចំនួន ៦៧៩ខ្នងផ្ទះ ជាក់ស្ដែងបានជួបជនបរទេសស្នាក់នៅចំនួន៧ខ្នងផ្ទះ ស្មើនឹង១១នាក់ ស្នាក់នៅ ។ ជនបរទេសខាងលើមានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យ ONLINE SCAMS ឡើយ។

ដោយឡែកនៅបុរីពិភពថ្មី អាស៊ីអាគ្នេយ៍ ផ្ទះលេខ៣៤ ផ្លូវលេខ០១ មានជនជាតិចិន ចំនួន៥នាក់ (ក្នុងនោះគ្មានលិខិតឆ្លងដែន២នាក់ និងផុតទិដ្ឋាការ ០១នាក់) ព្រមទាំងមានសម្ភារវត្ថុតាង កុំព្យូទ័រយួរដៃ (LAPTOP) ១គ្រឿង, កុំព្យូទ័រ (ALL IN ONE) ៤គ្រឿង, ទូរស័ព្ទ ១៩គ្រឿង, ម៉ូនីទ័រ ៣គ្រឿង, ធុង CPU ១គ្រឿង និងស៊ុមកាតមួយចំនួន។

យោងតាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសន្និថា ជាប់ព័ន្ធករណីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONELINE SCAMS)។

ដោយទទួលបានការណែនាំពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះជនជានចិន និងសម្ភារខាងលើសម្រេចប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ដ៕

You might also like