អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើង២ក្រុម បង្កហិង្សា កាប់ គប់គ្នា ទៅវិញទៅមក នៅចំណុចមណ្ឌល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុងប៉ោយប៉ែត ៖ យោងតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីឃើញវីដេអូប្រជាពលរដ្ឋបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក មានករណីហិង្សាទៅវិញទៅមក បង្កឡើងដោយក្មេងទំនើង២ក្រុមប្រដាប់ដោយ កាំបិតវែង និងដុំថ្ម ធ្វើសកម្មភាពដេញកាប់ និងគប់គ្នា នៅចំនុចមណ្ឌល៥ វេលាម៉ោង១៨និង០០នាទី នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង បានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥និង៣០នាទី ធ្វើការឃាត់ខ្លួនក្មេងទំនើង២ក្រុម ដែលមានក្រុម ទី១ ហៅ ធីម KM5(ខេអ៉ឹមហ្វាយ) និង ក្រុមទី២ ហៅ ធីម D Two Z(ឌីធូហ្សិត) បានចំនួន ១១នាក់ប្រុស ។
ក្មេងទំនើងទាំង ១១នាក់ ត្រូវបានធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ចំណែកបក្ខពួកដែលនៅសេសសល់កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តធ្វើការស្រាវជ្រាវ ដើម្បីយកមកចាត់ការតាមនីតិវិធី ។






