កម្លាំងនគរបាលតាមចាប់ឃាត់ខ្លួនជនល្មើសបាន ៤នាក់ហើយ! ករណីឃាតកម្ម ជនជាតិចិនចាក់សម្លាប់ចិនដូចគ្នា រួចដាក់ក្នុងរថយន្តយកទៅផ្លុងចោលនៅខណ្ឌដង្កោ
ភ្នំពេញ៖ ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ករណីឃាតកម្ម ជនជាតិចិនចាក់សម្លាប់ចិនដូចគ្នា រួចដាក់ក្នុងរថយន្តយកទៅផ្លុងចោលនៅខណ្ឌដង្កោ ពេលនេះកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនល្មើសបាន៤នាក់ជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះថា ក្រុមជនល្មើសដែលជាជនជាតិចិនគ្នាឯងចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ និងកំពុងតាមចាប់បក្ខពួកមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់បន្ថែមថា ករណីនេះបានកើតឡើងដោយសារជនជាតិចិន បានឈ្លោះ និងមានគំនុំជាមួយគ្នានៅស្រុកចិន ហើយពេលជនរងគ្រោះមកខ្មែរ ក៏ក្រុមជនល្មើសមកតាមសម្លាប់តែម្តង។
គួររម្លឹកដែរថា កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ មានករណីភ្ញាក់ផ្អើលមួយបានកេីតឡេីង នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ក្រោយពលរដ្ឋប្រទះឃើញសពជនជាតិចិនម្នាក់ ត្រូវបានគេយកទៅផ្លុងចោល ដែលព័ត៌មាននេះត្រូវបាន គេចែកចាយ ជាពិសេសជនជាតិចិនបានយកទៅបង្ហោះយ៉ាងច្រើននៅក្នុងបណ្តាញសង្គម WeChat និងបណ្តាញសង្គមផ្សេងទៀត នាំឲ្យជនជាតិចិនមួយចំនួនមានការគិតមិនល្អពីស្ថានភាពសន្តិសុខក្នុងស្រុករបស់យើង។
សូមបញ្ជាក់ថា ជនរងគ្រោះជាជនជាតិចិនត្រូវបានឃាតកសម្លាប់ ហើយដឹកយកមកផ្លុងចោលក្នុងរថយន្តព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BH-1311 នៅចំណុចដីវាលមួយកន្លែងក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនល្មើសទាំង ៤នាក់នេះ ត្រូវបានបញ្ជូនខ្លួនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធី និងត្រៀមបញ្ជូនខ្លួនទៅសាលាដំបូងសាលាធានីភ្នំពេញ ចាត់ការតាមច្បាប់៕






