គណៈបញ្ចាការឯកភាពរាជធានី បន្តចុះអនុវត្តត្រួតពិនិត្យនៅទីតាំងស្នាក់នៅប្រមូលផ្តុំ ៤កន្លែងសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញ ឃាត់មនុស្ស ៦៨នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តការចុះអនុវត្តអនុក្រឹត្យលេខ០៣របស់ប្រមុខរាជរដ្ឋាភិបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន០៤កន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រកឃើញជនបរទេសខុសច្បាប់៦៨នាក់ ក្នុងនោះក៏មានជាប់ពាក់ព័ន្ធបទល្មើស Online Scams ផងដែរ ។
ការចុះអនុវត្តនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ ដោយតំណាងអយ្យការផងដែរ ។
ជាលទ្ធផល នៃការចុះអនុវត្តនៅលើទីតាំងចំនួន០៤កន្លែង ក្នុងភូមិសាស្ត្រខណ្ឌចំនួន០៤ រួមមានខណ្ឌចំការមន ទួលគោក ច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ កម្លាំងគណៈបញ្ជាការ បានឃាត់ខ្លួនមនុស្ស៦៨នាក់ (មានបរទេស និងខ្មែរ) ក្នុងនោះមាន១៣នាក់ ជាប់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។ នៅសេសល់ក្រៅពីនោះ ជាប់ពាក់ព័ន្ធនឹងការចូលមកស្នាក់នៅដោយខុសច្បាប់ , ល្បែងស៊ីសងអនឡាញ , រក្សាទុកសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ។
ក្នុងការឃាត់ខ្លួននេះ កម្លាំងអាជ្ញាធរចម្រុះ ក៏បានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើនផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕

You might also like