នគរបាលខណ្ឌចំការមន ឃាត់សិស្សស្រី២នាក់ ករណីប្រើហិង្សាលើសិស្សស្រី១នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ
(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០២៦ នាវេលាម៉ោង១៧និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ និងកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីហិង្សា (យកដៃទះកំភ្លៀងជនរងគ្រោះតែមិនបណ្តាលឱ្យរងរបួសនោះទេ) កើតឡើងនៅចំណុចវិឡាលយ័ផ្សារដើមថ្កូវ ផ្លូវ៤៨៨ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ករណីហិង្សាខាងលើ អាណាព្យាបាលក្មេងស្រីបង្ក និងអាណាព្យាបាលក្មេងស្រីរងគ្រោះ ក៏បានអញ្ជើញមកកន្លែងសមត្ថកិច្ច ហើយបានជជែកសម្របសម្រួល និងមានការយោគយល់អធ្យាស្រ័យគ្នា ហើយអាណាព្យាបាលទាំង២ ក៏បានសំណូមពរស្នើសុំសមត្ថកិច្ចដោយមិនប្ដឹងផ្ដល់គ្នានោះទេ គ្រាន់តែឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំណែនាំធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាលយកទៅអប់រំបន្តថាមិនឱ្យកើតមានហិង្សាទៀតនោះទេ។
សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុកិច្ចសន្យាព្រមព្រៀង បញ្ចប់បញ្ហានិងបានអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ៕






