ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦ នៅប្រទេសចិន

ប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦ នៅប្រទេសចិន
ក្រុងសិនយ៉ាង ខេត្តលៀវនីង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦៖ ប្រតិភូក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ដែលរៀបចំឡើងនៅទីក្រុងសិនយ៉ាង ខេត្តលៀវនីង សាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះប្រព្រឹត្តឡើងក្រោមមូលបទ “ការរួមបញ្ចូលប្រព័ន្ធផ្សព្វផ្សាយសម្រាប់កំណើនរួម៖ បើកទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន” ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់រដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយថ្មី ព្រមទាំងស្ថាប័នសិក្សាស្រាវជ្រាវមកពីប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន ដែលមានចំនួនសរុប១៥០នាក់។

ការចូលរួមរបស់ប្រតិភូក្រសួងព័ត៌មានកម្ពុជានៅក្នុងវេទិកានេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងក្របខណ្ឌអាស៊ាន-ចិន ជាពិសេសក្នុងការលើកកម្ពស់ការយល់ដឹងទៅវិញទៅមក ការផ្លាស់ប្តូរវប្បធម៌ ការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងការពង្រឹងសុចរិតភាពព័ត៌មានក្នុងតំបន់។

ឯកឧត្តម ប្រាក់ ថាវអមិដា នឹងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកា ដោយផ្តោតលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងបរិយាកាសព័ត៌មានថ្មីៗ។ ឯកឧត្តមក៏នឹងចែករំលែកបទពិសោធន៍ និងទស្សនៈរបស់កម្ពុជាពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ ការលើកកម្ពស់ការផ្ទៀងផ្ទាត់ព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦ មានសារៈសំខាន់ជាពិសេស ខណៈអាស៊ាន និងចិនប្រារព្ធខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងខួបលើកទី៣៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ វេទិកានេះត្រូវបានរំពឹងថានឹងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងបណ្តាញវិជ្ជាជីវៈ និងការបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់។

ក្រៅពីការចូលរួមក្នុងវេទិកាសំខាន់ ប្រតិភូក្រសួងព័ត៌មានកម្ពុជាក៏នឹងចូលរួមសកម្មភាពពាក់ព័ន្ធមួយចំនួន រួមមានកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ជាមួយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅខេត្តលៀវនីង និងដំណើរទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់បន្ថែមអំពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ សេដ្ឋកិច្ច វប្បធម៌ និងទំនាក់ទំនងប្រជាជននិងប្រជាជនរវាងអាស៊ាន និងចិន។

ក្រសួងព័ត៌មានកម្ពុជា ចាត់ទុកការចូលរួមក្នុងវេទិកានេះថាជាឱកាសដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន និងដៃគូពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើការធ្វើបរិវត្តកម្មឌីជីថល ការពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់គុណភាពព័ត៌មាន និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។

You might also like