យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកាចំនួន ៣,៩២លានដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ៩៣ ១៥៦នាក់ គិតត្រឹមថ្ងៃទី៨ ខែមិថុនា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងនៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួន ៣,៩២លានដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ៩៣ ១៥៦នាក់។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានបន្ថែមថា យុទ្ធនាការនេះ នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៦។
លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។
យុទ្ធនាការនេះ ដើម្បីបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
សូមរម្លឹកថា កាលពីឆ្នាំ២០២៥ តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគចំនួន ៥,៥លានដុល្លារ ពីសប្បុរសជនប្រមាណ ៣០ម៉ឺននាក់។






