[UPDATE] ចំនួនអ្នកស្លាប់ពីការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រនៅកោះមីនដាណាវប្រទេសហ្វីលីពីនឡើងដល់ជិត៤០នាក់
ការិយាល័យការពារជនស៊ីវិលបាននិយាយនៅក្នុងបទសម្ភាសន៍ DZMM Teleradyo នៅព្រឹកថ្ងៃអង្គារ ៩មិថុនានេះថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រនៅកោះមីនដាណាវ (Mindanao ) ប្រទេសហ្វីលីពីន បានកើនឡើងដល់ ៣៧ នាក់។
ទីភ្នាក់ងារគ្រោះមហន្តរាយ និយាយថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅកោះមីនដាណាវយ៉ាងហោចណាស់ ៣៥ នាក់។ ក្នុងចំណោមអ្នកស្លាប់សរុប មានបួននាក់ត្រូវបានរាយការណ៍នៅក្នុងតំបន់ចំនួន ១១ ខណៈ៣៣ នាក់ត្រូវបានកត់ត្រានៅក្នុងតំបន់ចំនួន ១២។
ក្រុមអាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់អាចនៅតែកើនឡើងទៀត ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។
ការរញ្ជួយដីនៅឆ្នេរសមុទ្រកាលពីថ្ងៃចន្ទ បានវាយប្រហារប្រហែល ២៤ គីឡូម៉ែត្រភាគខាងលិចនៃខេត្ត Sarangani។
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (Phivolcs)កាលពីថ្ងៃចន្ទ បាននិយាយថា ចលនាមួយនៅក្នុងតំបន់មានការរញ្ជួយសកម្ម (Cotabato Trench) បានបង្កឱ្យមានការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រដែលបានវាយប្រហារកោះមីនដាណាវ។វិទ្យាស្ថាននេះបាននិយាយថា ការរញ្ជួយដីនៅកោះមីនដាណាវបណ្តាលមកពីរណ្តៅ Cotabato។
អ្នកឯកទេសស្រាវជ្រាវរបស់វិទ្យាស្ថាន Phivolcs លោកស្រី Winchelle Sevillaបាននិយាយថា រណ្តៅដូចគ្នានេះបានបង្កឱ្យមានការរញ្ជួយដី និងរលកយក្សស៊ូណាមិនៅឈូងសមុទ្រ Moro ឆ្នាំ ១៩៧៦ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ។ការរញ្ជួយដីកាលពីថ្ងៃចន្ទបានបង្កឱ្យមានការព្រមានជម្លៀសសម្រាប់តំបន់ឆ្នេរសមុទ្រនៃប្រទេសជិតខាងឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដោយទីភ្នាក់ងារឧតុនិយមរបស់ទីក្រុងហ្សាការតាបានដកការព្រមានរបស់ខ្លួននៅពេលក្រោយ៕






