កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី

រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឆ្លៀតក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Lam Thi Phoung Thanh រដ្ឋមន្រ្តីក្រសួងវប្បធម៍ កីឡា និងទេសចរណ៍វៀតណាម និងសហការីជាន់ខ្ពស់ នៅទីស្តីការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះលោកជំទាវ Lam Thi Phoung Thanh ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងគូសបញ្ជាក់ថាក្រោមការដឹកនាំរបស់លោកជំទាវរដ្ឋមន្រ្តី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ នឹងរឹតតែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ក្នុងជំនួបដ៏សំខាន់ ​និងប្រកបដោយផ្លែផ្កានេះ រដ្ឋមន្រ្តីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងទស្សនៈស៊ីជម្រៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ អនុលោមតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៣ ដោយបានឯកភាពលើផែនការសកម្មភាពការងារសំខាន់ៗ៖ ១. ជំរុញការតភ្ជាប់ទេសចរណ៍តាមគ្រប់មធ្យោបាយ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសបន្ថែមទៀត ជាពិសេស ឯកភាពក្នុងការតភ្ជាប់ខ្សែនាវាចរណ៍តាមសមុទ្ររវាងកំពង់ផែអន្តរជាតិកោះភូកួក និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងទេសចរណ៍តាមនាវាតាមបណ្តោយទន្លេមេគង្គនៃប្រទេសទាំងពីរ ដោយភ្ជាប់ពីទីក្រុងហូជីមិញមករាជធានីភ្នំពេញ និងខេត្តសៀមរាប និងអាចភ្ជាប់ទៅប្រទេសឡាវនាពេលអនាគត ដើម្បីជំរុញកំណើនទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទី៣។ ២. ជំរុញរៀបចំព្រឹត្តិការណ៍ទេសចរណ៍គ្នានៅតាមបណ្តាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ រួមមាន៖ វេទិកាវិនិយោគទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ វេទិកាទេសចរណ៍ម្ហូបអាហារ និងទេសចរណ៍កីឡា ៣. ជំរុញតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗ រវាងប្រទេសទាំងពីរ ដោយជំរុញកិច្ចសហការរវាងផ្នែកឯកជនក្នុងការរៀបចំកញ្ចប់ទេសចរណ៍រួម ជាពិសេសការរៀបចំកញ្ចប់ទេសចរណ៍ទៅគោលដៅទេសចរណ៍បន្ទាប់បន្សំ (Secondary Destination) ដើម្បីបង្កើនរយៈពេលស្នាក់នៅរបស់ទេសចរក្នុងប្រទេសទាំងពីរ ក៏ដូចជាការធ្វើពិពិធកម្មផលិតផលទេសចរណ៍រួមគ្នា ៤. បង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្លាស់ប្តូរការបណ្តុះបណ្តាលទេសចរណ៍ក្នុងប្រទេសទាំងពីរ ដោយប្រទេសទាំងពីរមានគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមានភាពឈានមុខក្នុងផ្នែកបដិសណ្ឋារកិច្ច ៥. ជំរុញរៀបចំផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់សម្រាប់ Influnencers និងផ្នែកឯកជននៃប្រទេសទាំងពីរ ដើម្បីអាចមកស្វែងយល់ពីសក្តានុពលដ៏សម្បូរបែប និងបន្តផ្សព្វផ្សាយដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាប្រទេសទីបី។

ដើម្បីជំរុញអនុវត្តនូវផែនការដែលបានដាក់ចេញខាងលើឱ្យបានជាក់ស្តែង និងប្រកបដោយប្រសិទ្ធិភាព ក្រុមការងារបច្ចេកទេស ត្រូវបានចាត់តាំង ដើម្បីតាមដានការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងគ្រោងបន្តពិនិត្យវឌ្ឍនភាពនាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាមលើកទី១ អំឡុងពេលនៃពិព័រណ៍ទេសចរណ៍អន្តរជាតទីក្រុងហូជីមិញ (ITE-HCMC) ក្នុងខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញខាងមុខ។

You might also like