អតីតទាហានម្នាក់ ដែលមានជំនាញក្នុងការបង្ហាត់បង្រៀនសត្វសុនខ ឱ្យចេះការពារម្ចាស់ និងការពារទ្រព្យសម្បត្តិម្ចាស់

ខេត្តកំពត ៖ អតីតទាហានម្នាក់ ដែលមានជំនាញក្នុងការបង្ហាត់បង្រៀនសត្វសុនខឱ្យចេះការពារម្ចាស់ និងការពារទ្រព្យសម្បត្តិម្ចាស់គឺជាជំនាញដែលមិនមែននរណាៗក៏ចេះនោះទេ ហើយក៏មិនមែនជាការងាយស្រួលនោះឡើយ ក្នុងការបង្ហាត់សត្វសុនខឱ្យចេះធ្វើអ្វីៗតាមការបញ្ជារបស់ម្ចាស់ ។
យោងតាមការឱ្យដឹងពីលោក ជុំ ម៉ៅ ជាអតីតទាហាន មានអាយុ៥៦ឆ្នាំ នៅភូមិចម្លងជ្រៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស បាននិយាយប្រាប់ថា លោកជាមន្ត្រីទាហានប្រចាំទិសខេត្តព្រះវិហារ តែបានចូលនិវត្តន៍ហើយ ប៉ុន្តែបើមានការចាំបាច់ លោកអាចនៅតែជួយកងអង្គភាពវិញបាននៅឡើយ ។
លោក ជុំ ម៉ៅ និយាយទៀតថា គាត់មិនមានមុខរបរលើទីផ្សារសត្វសុនខទេ តែគាត់មានបទពិសោធខ្លះៗក្នុងការចែករំលែកចំណេះដឹងដល់បងប្អូនយើង ។ លោក ជុំ ម៉ៅ មានប្រសាសន៍សង្កត់ធ្ងន់ថា ការបង្ហាត់ឱ្យសត្វសុនខចេះក្បួនយុទ្ធសាស្ត្រ ចូលសរមភូមិដូចជាការហិតក្លឹនសត្រូវ ហិតក្លឹនមីន ហិនក្លឹនគ្រឿងញឿន និងបង្រៀនឱ្យចេះស្ដាប់ការហាមកុំឱ្យព្រូស កុំឱ្យខាំ ឬក៏បញ្ជាឱ្យខាំ ឬក៏ឱ្យការពារទ្រព្យសម្បត្តិ ប្រឈមមុខជនអាក្រក់ គឺបង្ហាត់បានទាំងអស់ ។
លោក ជុំ ម៉ៅ បានបញ្ជាក់ថា ការបង្ហាត់បង្រៀនសត្វសុនខ គឺអាចហ្វឹកហ្វឺនបាន យកសុនខអាយុត្រឹម៣ខែឡើង ទើបងាយស្រួលនិយាយជាមួយវា ឱ្យស្គាល់ច្បាស់ភាសារបស់វា និងមុនពេលបង្វឹក ដាច់ខាតត្រូវឱ្យរង្វាន់វាសិន គឺសាច់គោ ឬសាច់អ្វីផ្សេងដែលវាចូលចិត្តស៊ី ។ លោកបន្តថា ក្នុងមួយថ្ងៃអាចបង្វឹក២ដងព្រឹក និងល្ងាច និងមានមេរៀនជាច្រើនទៀតដែលយើងត្រូវយកមកសិក្សា ។
ទោះជាបែបណា ថេរវេលានៃការបង្វឹកសុនខមិនយូរទេ គឺអាចរយៈពេល១ខែ អាចយកទៅប្រើការបានខ្លះៗ ប៉ុន្តែយើងក៏ជ្រើសរើសពូជរបស់វាផងដែរ ។ លោកចង្អុលទៅសុនខ១ក្បាលដែលកំពុងបង្ហាត់នេះ គឺពូជមកពីប្រទេសអាល្លឺម៉ង់ ៕

You might also like