យុវតីម្នាក់កើតជម្លោះជាមួយភាគីម្ខាងទៀតនៅហាងផឹកស៊ីយីហោ Y.PLUS ក្រុងបានលុង ត្រូវនគរបាលឃាត់ខ្លួន, គ្រួសារទទូចសុំឲ្យតំណាងអយ្យការខេត្តផ្តល់យុត្តិធម៌ និងដោះលែងកូនស្រីត្រឡប់មកវិញ
(រតនគិរី)៖ លោក សុខ នី រស់នៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង និងក្រុមគ្រួសារ បានទទូចឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី ផ្តល់យុត្តិធម៌ និងដោះលែងកូនស្រីរបស់គាត់ ក្រោយនគរបាលឃាត់ខ្លួន ករណីវាយតប់ (ដៃនិងដៃ) ជាមួយក្រុមម្ខាងទៀត ដោយលោកអះអាងថា សមត្ថកិច្ចឃាត់តែកូនស្រីរបស់ខ្លួន តែមិនឃាត់ភាគីម្ខាងទៀត។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មានប្រចាំខេត្តរតនគិរី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ នី បានបញ្ជាក់ថា កូនស្រីរបស់លោកមានឈ្មោះ នី ស្រីនិច និងបងប្អូនមួយចំនួន កាលពីយប់ចូលថ្ងៃទី១០ ខែមិថុនា បាននាំគ្នាចូលហាងផឹកស៊ីយីហោ Y.PLUS មានទីតាំងនៅខាងកើតមាត់បឹងកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
លោក សុខ នី បានបន្តថា ពេលចូលផឹកស៊ីនោះ ស្រាប់តែមានជម្លោះហិង្សាប្រតាយប្រតប់គ្នា (គ្មានប្រើឧបករណ៍ប៉ះពាល់ធ្ងន់ធ្ងរទ) ពោលប្រើដៃនិងដៃ បណ្តាលឱ្យប៉ះពាល់ភាគីម្ខាងទៀតមានរបួសស្នាម តែកូនស្រីរបស់គាត់ក៏មានរបួសស្នាមដែរ (អង្គុយសាឡុងក្បែរគ្នា)។
លោកចោទសួរថា ករណីហិង្សានេះហេតុអ្វីសមត្ថកិច្ចបែរជាឃាត់តែកូនស្រីគាត់? កូនស្រីរបស់គាត់ត្រូវកម្លាំងនគរបាលក្រុងបានលុង ឃាត់និងកសាងសំណុំរឿងបញ្ជូនទៅសាកសួរនៅអំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី, ខណៈស្ត្រីឈ្មោះ ហៀប ស្រីនិច ជានិស្សិត (ដើមបណ្តឹង) មិនត្រូវបានឃាត់ខ្លួននោះទេ។
លោក សុខ នី បានលើកម្រាមដៃ១០ សុំណូមពរឱ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជួយផ្តល់យុត្តិធម៌ឱ្យក្រុមគ្រួសារគាត់ផង និងសុំឱ្យសមត្ថកិច្ចជំនាញឃាត់ខ្លួនភាគីម្ខាងទៀតដូចកូនស្រីគាត់ ដើម្បីផ្តល់ភាពយុត្តិធ៌មទាំងសងខាង (គ្មានភ្លើង ក៏គ្មានផ្សែងដែរ)។
បើតាមប្អូនប្រុសឈ្មោះ យូ ជាសាក្សីម្នាក់ ក៏បានប្រាប់ឱ្យដឹងថា មុនកើតហេតុក្រុមគាត់បានជួបជុំគ្នាហូបចុកនៅផ្ទះគាត់នៅវេលាម៉ោង (៨-១០យប់) ថ្ងៃដដែលរួចក៏នាំគ្នាទៅហាងផឹកស៊ីយីហោ Y.PLUS បន្តទៀត។ រវាងក្រុមគាត់ និងក្រុមម្ខាងទៀត មានអ្នកធ្លាប់ស្គាល់គ្នាក៏ជល់កែវទៅវិញទៅមក។ ដោយសារស្ថានភាពស្រវឹងរៀងៗខ្លួនមានការចង្អុលមុខទៅវិញ ទៅមកក៏កើតជម្លោះតែម្តង។






