រដូវកាលទុរេនឆ្នាំនេះ! ផ្លែទុរេនស្រស់កម្ពុជា​ប្រមាណ ២ ៤០០តោន ត្រូវបាននាំចេញទៅទីផ្សារចិនជាបន្តបន្ទាប់

ភ្នំពេញ៖ សម្រាប់រដូវកាលទុរេន ឆ្នាំ​២០២៦ ម្ចាស់ចម្ការទុរេនក្នុងសហគមន៍កសិទេសចរណ៍អភិវឌ្ឍន៍សំឡូង និង​សហគមន៍ទុរេនបែកអន្លូង បានចុះកិច្ចសន្យាលក់ឱ្យក្រុមហ៊ុន ដើម្បីនាំចេញទុរេនស្រស់ទៅប្រទេស​ចិនប្រមាណ ២ ៤០០តោន បន្ទាប់កម្ពុជា-ចិន បានចុះហត្ថលេខាជាផ្លូវការលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីអនុញ្ញាតឱ្យមានការនាំចេញទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន។​
លោក​ ឈឹម​ វជិរ៉ា​ ប្រធានមន្ទីរកសិកម្ម​ខេត្តបាត់ដំបង បានឱ្យដឹងថា កសិផលដ៏មានសក្តានុពលរបស់កម្ពុជាកាន់តែច្រើនឡើងៗ​ ត្រូវបានទទួលសិទ្ធិនាំចេញទៅកាន់ប្រទេសចិនដែលជាទីផ្សារដ៏ធំនៅលើពិភពលោក។​ ជាក់ស្តែង កាលពី​ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៦ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានផ្តល់វិញ្ញា​បនបត្រកសិកម្មល្អ(CamGap) ដល់ម្ចាស់ចម្ការទុរេនក្នុងសហគមន៍កសិទេសចរណ៍អភិវឌ្ឍន៍សំឡូង ដើម្បីទីផ្សារនាំចេញទៅចិន​។​ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ម៉ុង ហេង គ្រុប ឯ.ក ក៏​បានចុះកិច្ចសន្យាលក់ទុរេនស្រស់ទៅកាន់ទីផ្សាចិនចំនួន ២ ០០០តោន សម្រាប់រដូវកាលឆ្នាំ​២០២៦​ ដោយ ត្រូវបានដឹកជញ្ជូនតាមរថយន្ត​ពីកម្ពុជាទៅចិន។​
ចំណែក លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង បានបញ្ជាក់ថា គិតមកដល់ពេលនេះ ទុរេនស្រស់របស់​សហគមន៍ទុរេនបែកអន្លូង បាននាំចេញទៅកាន់ទីផ្សារចិនបានប្រមាណ ៤០០តោន ហើយ​ការនាំចេញនឹងធ្វើឡើងជាបន្តបន្ទាប់។ លោកសង្កេតឃើញថា ឆ្នាំនេះ ប្រទេសចិនបានបញ្ជាទិញទុរេនស្រស់ពីកម្ពុជាច្រើនជាងមុន ខណៈទិន្នផលទុរេនក្នុងសហគមន៍របស់លោកកើនឡើងប្រមាណ ៣០% បើធៀបនឹងឆ្នាំទៅ។​
កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ កនន្លងទៅ គយនៃប្រទេសចិនបាន​សម្រេចអនុញ្ញាតឱ្យប្រទេសកម្ពុជានាំចូល«ផ្លែទុរេនស្រស់» ទៅកាន់ទីផ្សាររបស់ប្រទេសចិន។ ​គយចិនបានតម្រូវឱ្យការនាំចូលផ្លែទុរេន គឺត្រូវតែមានប្រភពមកពីប្រទេសកម្ពុជា ដោយមានការគោរពតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវរបស់ប្រទេសចិន​។​
របាយការណ៍ក្រសួងកសិកម្ម បានបញ្ជាក់ថា ក្នុងឆ្នាំ​២០២៥កន្លងទៅ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួនជាង ១៦ម៉ឺនហិកតា និងផ្តល់ផលចំនួនជាង ១៣ម៉ឺនតោន។ ជាមួយគ្នានេះ ក្រសួងកសិកម្ម បានចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការបើកទីផ្សារនាំចេញកសិផលកសិកម្មកម្ពុជា​ទៅកាន់ប្រទេស​ចិន រួមមាន អង្ករ និងកញ្ចុងអង្ករ, ចំណិតដំឡូងមី, គ្រាប់ពោត, ចេកស្រស់, ស្វាយស្រស់, មៀនស្រស់, ម្រេច, ដូងក្រអូប, និង​ទុរេនស្រស់៕

You might also like