សមត្ថកិច្ចរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ចំនួន៣៣កន្លែង សង្ស័យស្ដុកសាច់បង្កកពីប្រទេសថៃ និងនាំខ្លួនមនុស្ស ចំនួន៥នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះ មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ៣៣កន្លែង ដែលសង្ស័យមាននាំចូលស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។
តាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងប្រតិបតិការទាំង៣៣ទីតាំងនេះ សមត្ថកិច្ចចម្រុះបានរកឃើញ៖
១៖ ទីតាំងឃ្លាំងស្តុកសាច់ និងផលិតផលបង្កក មានស្លាកយីហោ CSPB (CAMBODIA) មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយរកឃើញសាច់ និងផលិតផលសត្វចំនួន ១២ប្រភេទ មានប្រភពនាំចូលពីប្រទេសថៃ រួមមាន៖ ស្លាបមាន់ប្រឡាក់គ្រឿង, ស្លាបមាន់ប្រឡាក់ម្រេច, ភ្លៅមាន់បំពង់, ប្រហិតសាច់មាន់, ហតដកវែងខ្លី, ហតដកសាច់មាន់, សាច់មាន់ចំណិត, សាច់ហេម, សាច់ទ្រូងមាន់ប្រឡាក់គ្រឿង, សាច់មាន់ជ្រុង និងទូរទឹកកកសម្រាប់ក្លាសសេ ចំនួន ២៥ទូរ។
២៖ ទីតាំងស្តុកផលិតផលប្រហិតបង្កកចម្រុះ ស្ថិតនៅផ្ទះលេខ២៨៣ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ដោយបានរកឃើញប្រហិតបង្កកសរុបចំនួន ២១មុខ ស្មើនឹងជាង១.២០០ គីឡូក្រាម ជាផលិតផលនាំចូលពីប្រទេសថៃដោយខុសច្បាប់។
៣៖ ទីតាំងឃ្លាំងទំនិញធំៗចំនួន២ ដែលមានម្ចាស់តែមួយ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ សង្ស័យថា មាននាំចូលទំនិញបង្កកនាំចូលពីប្រទេសថៃ។ តាមការចុះត្រួតពិនិត្យជាក់ស្ដែង កម្លាំងចម្រុះមិនបានពិនិត្យរកឃើញទំនិញបង្កកនោះទេ ប៉ុន្តែបានរកឃើញ ផលិតផលដែលនាំចូលមកពីប្រទេសថៃជាច្រើនមុខ ដែលសង្ស័យពាក់ព័ន្ធករណីនាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលមានប្រភពពីប្រទេសថៃ គ្មានច្បាប់អនុញ្ញាត។
៤៖ ទីតាំងឃ្លាំងលេខ៦៣ កម្មសិទ្ធិរបស់ក្រុមហ៊ុន LUX ស្ថិតក្នុងភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល តាមការពិនិត្យជាក់ស្ដែងឃើញថា មានទូបង្កកសាច់ចំនួន០២ ដែលមានផ្ទុកសាច់បង្កកចំនួន០២ប្រភេទ មានទម្ងន់សរុបជិត ៣០តោន។ តាមការសួរនាំ និងការបញ្ជាក់ពីតំណាងម្ចាស់ឃ្លាំង បានអោយដឹងថា សាច់បង្កកទាំង០២ប្រភេទនេះ ផលិតនៅប្រទេសប្រេស៊ីល និងកាណាដា ដោយមានឯកសារយោងចំនួន០២ គឺ (១)វិក័យបត្រទិញលក់ និងដឹកជញ្ជូនចេញទៅហុងកុង និងវិញ្ញាបនប័តបញ្ជាក់ពីគុណភាពអនាម័យសាច់ ប៉ុន្តែមិនមានឯកសារបញ្ជាក់ពីប្រភពនាំចូលច្បាស់លាស់នៅឡើយ។ ដោយមានការសម្របសម្រួលឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យក្រុមការងារចម្រុះបិទឃ្លុំទូបង្កកទាំងពីរជាបណ្ដោះអាសន្ន រង់ចាំម្ចាស់រកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប បន្ថែមដោយទុករយៈពេល ០១សប្ដាហ៍។
លោកស្រីអ្នកនាំពាក្យ ក៏បានបញ្ជាក់បន្ថែមទៀតថា ជាលទ្ធផលសម្រាប់ប្រតិបតិ្តការថ្ងៃទី១២ ខែមិថុនានេះ សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំង និងទូរបង្កកទាំងអស់ខាងលើនេះ ជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំងសរុបចំនួន៥នាក់ ទៅធ្វើការសាកសួរបន្ថែមនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕

You might also like