សមត្ថកិច្ចឃាត់រថយន្ត ដឹកគោ-ក្របី ចំនួន០៥គ្រឿង សង្ស័យឯកសារខុសប្រក្រតី លួចនាំចូលខុសច្បាប់ នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ក្នុងរយៈពេល០២ថ្ងៃ បន្តបន្ទាប់ កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់រថយន្តដឹកជញ្ជូនសត្វគោ-ក្របី រាប់សិបក្បាលចំនួន៥ករណីបន្តបន្ទាប់គ្នានៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងសង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង ក្រោយរកឃើញលិខិតស្នាមមានភាពមិនប្រក្រតី ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា សត្វពាហនៈទាំង នោះ ត្រូវគេសង្ស័យថា ជាទំនិញលួចនាំចូលឆ្លងដែនខុសច្បាប់ពីប្រទេសជិតខាង ចូលមកទឹកដីកម្ពុជាតាមច្រកព្រំដែន នៃខេត្តស្ទឹងត្រែង ។ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺដោយសារតែមន្ត្រីពិនិត្យឃើញ ថា លិខិតស្នាមមួយចំនួនបានហួសសុពលភាព (ហួសកំណត់ថ្ងៃប្រើប្រាស់) ។ លិខិតបញ្ជាក់ការទិញ- លក់សត្វ ធ្វើឡើងខុសទម្រង់រដ្ឋបាល និងខ្វះភាពត្រឹមត្រូវទាំងស្រុង។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មានថា ការដឹកជញ្ជូនសត្វពាហនៈទាំងនេះ គឺមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រភពដើមមិនច្បាស់លាស់នោះឡើយ!។
វត្ថុតាងសត្វគោ-ក្របីទាំងអស់ ត្រូវបានប្រគល់ជូនការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕






