អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានបន្តដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៦ថា ប្រតិបត្តិការត្រួតពិនិត្យទីតាំងប្រមូលផ្ដុំកាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានចុះត្រួតពិនិត្យចំនួន ៧៩ទីតាំង ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤១៥នាក់ នុងមិនបានរកឃើញបទល្មើសអ្វីឡើយ។
លោកស្រីបានបន្តថា ក្នុងថ្ងៃនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ តាមអនុក្រឹត្យលេខ០៣ ចំនួន ១ទីតាំង មនុស្សចំនួនម្នាក់ គិតជាថវិកាសរុបចំនួន ៤.០០០.០០០រៀល (បួនលានរៀលគត់ ) ។
លោកស្រី ដោ សម្ផស្ស បន្តទៀតថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ដែលបំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន៕






