រថយន្តក្រឡុកស៊ីម៉ង់ ជាន់ហ្វ្រាំងមិនស៊ី ជ្រុលទៅបុកម៉ូតូ១គ្រឿង បណ្តាលឱ្យស្ត្រីម្នាក់របួសធ្ងន់

មណ្ឌលគិរី  ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវបំបែកក្បែរវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បន្ទាប់ពីរថយន្តធុនធ្ងន់ប្រភេទក្រឡុកស៊ីម៉ង់១គ្រឿង ជាន់ហ្វ្រាំងមិនស៊ីពេលចុះចំណោទ ពីតំបន់ភូមិវប្បធម៌ភ្នំដោះក្រមុំ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តខាងលើបានជ្រុលទៅបុកម៉ូតូ១គ្រឿង មុននឹងក្រឡាប់ផ្ងារជើង។ ក្នុងហេតុការណ៍នេះ អ្នកបើកបរម៉ូតូជាយុវជនម្នាក់ បានរងរបួសស្រាល ខណៈអ្នកបើកបររថយន្តមិនរងរបួសធ្ងន់ធ្ងរអ្វីនោះទេ។

ប្រភពព័ត៌មានបានបញ្ជាក់ថា  ស្ត្រីម្នាក់ដែលរួមដំណើរជាមួយអ្នកបើកបររថយន្ត និងត្រូវជាភរិយា បានរងរបួសធ្ងន់ ហើយត្រូវបានក្រុមសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលជាបន្ទាន់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងអន្តរាគមន៍នៅទីតាំងកើតហេតុ ព្រមទាំងអំពាវនាវដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ជាពិសេសរថយន្តធុនធ្ងន់ ឱ្យយកចិត្តទុកដាក់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ និងគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ខណៈផ្លូវក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីមានស្ថានភាពចំណោទឡើងចុះ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ៕

You might also like