តុលាការ បង្គាប់ឲ្យឃុំខ្លួនចិន០៤នាក់ ពាក់ព័ន្ធករណីសម្លាប់ចិន ០១នាក់ ដាក់សពក្នុងរថយន្តPrius ប្រឈមជាប់គុក ម្នាក់ៗ ១ជីវិត
ភ្នំពេញ÷ លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចបង្គាប់ឲ្យឃុំខ្លួនជនជាតិចិន ចំនួន០៤នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្នពាក់ព័ន្ធកករណីសម្លាប់ជនរងគ្រោះជាជនជាតិចិនម្នាក់ ដាក់ សាកសពចូលក្នុងរថយន្តព្រូស Prius រួចយកទៅផ្លុងចោលនៅដីឡូតិ៍ ០១កន្លែង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នោះប្រឈមជាជាប់គុក ០១នាក់ៗ មួយជីវិត ។
តាមដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទទាំង០៤ នាក់រួមមាន :
១- ឈ្មោះ ZHOU JIAN HONG ហៅ(XIAO CHOU )ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ លក់គ្រឿង បន្លាស់ អាស័យដ្ឋាន មុនចាប់ខ្លួននៅបុរីគួរស្រូវសន្តិភាព២ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និងចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ប្រព្រឹត្តនៅចំណុចចំណតរថយន្តខុនដូរ VIEW ASTON ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងនៅដីឡូតិ៍គ្មានលេខ ផ្លូវ២១៧ ភូមបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ២៨ មាត្រា ២០០ និងមាត្រា ២៥៣ នៃក្រមព្រហ្មទណ្ឌ ។
២- ឈ្មោះ ZHAO FENG QUAN ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មុនចាប់ខ្លួនស្នាក់បុរីអង្គរភ្នំពេញ ផ្ទះលេខ៤៨ ផ្លូវលេខ៧ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពិបទឃាតកម្មគិតទុកជាមុន និងចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ប្រព្រឹត្តនៅចំណុច និងថ្ងៃខែខាងលើ តាមបញ្ញត្តិមាត្រា ២០០ និងមាត្រា ២៥៣ នៃក្រមព្រហ្មទណ្ឌ ។
៣- ឈ្មោះ HAN DE DONG ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ម្ចាស់ភោជនីដ្ឋាន មុនចាប់ខ្លួនស្នាក់នៅបុរីពិភពថ្មីគួស្រូវ ផ្ទះលេខ១២៨៨ សង្កាត់ព្រែកកំពិស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និងចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ប្រព្រឹត្តនៅចំណុច និងថ្ងៃខែខាងលើ តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២០០ និងមាត្រា ២៥៣ នៃក្រមព្រហ្មទណ្ឌ ។
៤- ឈ្មោះ MA RONG GUI ភេទប្រុស អាយុ៥១ ឆ្នាំ មុខរបរ ម្ខាស់ការ៉ាស់ជួសជុលរថយន្ត MA MASTER ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ សម គំនិតក្នុងអំពើ ឃាតកម្មគិតទុក ជាមុន និងចាប់ ឃុំ ឃាំង និងបង្ខាំងដោយខុសច្បាប់ប្រព្រឹត្តនៅចំណុច និងថ្ងៃខែខាងលើ តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២០០ និងមាត្រា ២៥៣ នៃក្រមព្រហ្មទណ្ឌ។
យោងតាមការចោទប្រកាន់លើបទល្មើស និងមាត្រាខាងលើនេះ ជនត្រូវចោទទាំង០៤នាក់ ប្រឈមជាប់គុកក្នុងពន្ធនាគារ ០១នាក់មួយជីវិត ។
គួរជម្រាបថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាលរាជធានីភ្នំពេញបានសហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ អធិការដ្ឋាននគរបាលខណ្ឌ ដង្កោ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បើកការស្រាវជ្រាវ និងលើសំណុំរឿងឃាតកម្មមួយ ដែលជនជាឃាតករសម្លាប់ជនរងគ្រោះដាក់សាកសពចូលក្នុងរថយន្ត Prius យកទៅផ្លុងចោលស្ថិតនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ រួមមាន :
១- ឈ្មោះ ZHOU JIAN HONG
២- ឈ្មោះ ZHAO FENG QUAN
៣- ឈ្មោះ HAN DE DONG
និង៤- ឈ្មោះ MA RONG GUI ជនជាតិចិន។
ជនសង្ស័យទាំង០៤ នាក់ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ YANG WEIXIN ភេទប្រុស អាយុ៥៣ ឆ្នាំ មុខរបរ ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ជាជនជាតិចិនដូចគ្នាបណ្តាលឲ្យស្លាប់ ហើយដាក់សាកសពក្នុងរថយន្តយកទៅផ្លុងចោលនៅដីឡូតិ៍មួយកន្លែង។
សមត្ថកិច្ចក៏បានចាប់យកវត្ថុតាង :
– ទូរស័ព្ទម់ាក IPHONE ចំនួន០៤គ្រឿង។
– រថយន្តចំនួន០២គ្រឿង : ១. ម៉ាក TOYOTA LAND CRUISER សេរីឆ្នាំ២០០៨ ពណ៍ខ្មៅ ស្លាក់លេខ 2AI-3068។ ២. ម៉ាក TOYOTA PRIUS សេរីឆ្នាំ២០១២ ពណ៍ស ស្លាក់លេខ 2BH-1311 (ជារថយន្តដឹកសាកសពយកទៅផ្លុងចោល)។
– ម៉ូតូម៉ាកស្មាក ពណ៍ក្រហមខ្មៅ ស្លាក់លេខ1CE-0447។
– លិខិតឆ្លងដែនចំនួន០២ ។
លោក វរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបានព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានបញ្ជាក់ថា ជាករណីឃាតកម្ម ផ្តើមចេញពីករណីជម្រិតទារ ប្រាក់ចំនួន២លានដុល្លារអាមេរិក ពីប្រពន្ធជនរងគ្រោះមិនបានសម្រេចទើបជនសង្ស័យសម្លាប់ជនរងគ្រោះតែម្តង ៕






