ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះថា គិតមកដល់ម៉ោងនេះ តំណាងអយ្យការបាន សម្រេចបើកការស៊ើបសួរលើជនសង្ស័យដែលនាំទំនិញចូលដោយគ្មានការអនុញ្ញាតមានចំនួន០៩នាក់ហើយ។

បើតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់កាលពីថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៦ ថា គិតពីថ្ងៃទី១០-១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យឃ្លាំងតូចធំសរុបចំនួន ១៣១ទីតាំង បានរកឃើញ និងបិទបណ្តោះ អាសន្ន ឃ្លាំងទំនិញមានស្តុកផលិតផលបង្កក និងទំនិញដែលនាំចូលខុសច្បាប់ពីប្រទេសថៃចំនួន ១៥ ព្រមទាំងបាននាំខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន ១៦នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។

គួរបញ្ជាក់ថា យុទ្ធនាការបង្ក្រាបសាច់បង្កក និងទំនិញខុសច្បាប់ពីប្រទេសថៃកំពុងត្រូវបានអនុវត្តយ៉ាងក្តៅគគុកដោយកម្លាំងសមត្ថកិច្ចចម្រុះ។ សមត្ថកិច្ចបានចុះត្រួតពិនិត្យ និងបិទទីតាំងស្តុកទុក សាច់បង្កកខុសច្បាប់រាប់សិបកន្លែង ដែលរឹបអូសបានសាច់ខូចគុណភាពរាប់រយតោន រួមទាំងមានការបញ្ជូនជនសង្ស័យទៅតុលាការថែមទៀតផង៕

You might also like