សម្រេចផ្អាកការងារលោកផ្កាយ១ ស៊ឹម ជីវ័ន្ត រងទណ្ឌកម្មវិន័យទុកផ្លូវឱ្យតុលាការចាត់ការតាមនីតិវិធីច្បាប់
ភ្នំពេញ៖ យោងតាមសេចក្តីសម្រេចរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកមុខតំណែងជាបណ្ដោះអាសន្ន លើមន្ត្រីនគរបាលជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍ត្រីមួយរូប គឺលោក ស៊ឹម ជីវ័ន្ត អនុប្រធាននាយកដ្ឋាននគរបាលយុត្តិធម៌ ដើម្បីបើកផ្លូវឱ្យស្ថាប័នតុលាការបន្តនីតិវិធីស៊ើបអង្កេតដោយគ្មានការជ្រៀតជ្រែក។
ជាក់ស្ដែងយោងតាមសេចក្តីសម្រេចរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីចុងខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រៅពីការផ្អាកការងារ មន្ត្រីនគរបាលពាក់ផ្កាយ១រូបនេះ ក៏ត្រូវបង្គាប់ឱ្យទៅបង្ហាញមុខនៅអង្គភាពជាប្រចាំរៀងរាល់ម៉ោងធ្វើការ រហូតទាល់តែមានការសម្រេចជាថ្មី។នេះបើយោងតាមលិខិតរបស់ ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលអង្គភាពយើងទើបនឹងទទួលបាននៅ ថ្ងៃទី១៩ ខែមិថុនានេះ ។
ទោះបីជាសេចក្តីសម្រេចផ្លូវការមិនទាន់បានទម្លាយលម្អិតអំពីបទល្មើសជាក់លាក់ក៏ដោយ ប៉ុន្តែបើតាមប្រភពព័ត៌មានដែលធ្លាប់បានលេចឮ និងចែកចាយយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម មុនឈានដល់ការដកបញ្ឈរជើងនេះ លោកឧត្តមសេនីយ៍ត្រី ស៊ឹម ជីវ័ន្ត ធ្លាប់រងការប្ដឹងផ្ដល់យ៉ាងធ្ងន់ធ្ងរពីប្រជាពលរដ្ឋ។ចោទប្រកាន់ថា មន្ត្រីជាន់ខ្ពស់រូបនេះបានរត់ការបោកយកប្រាក់ ដោយសន្យាថានឹងជួយដោះលែងកូនប្រុសរបស់ពួកគេចេញពីពន្ធនាគារខេត្តកំពង់ធំ ពាក់ព័ន្ធនឹងករណីក្មេងទំនើង។
លទ្ធផលចុងក្រោយ ៖ ការរត់ការនោះមិនបានសម្រេចឡើយ ហើយជនសង្ស័យត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារពេញមួយឆ្នាំពេញ ដែលធ្វើឱ្យក្រុមគ្រួសាររងគ្រោះផ្ទុះការតវ៉ា និងប្តឹងផ្តល់រហូតមានវិធានការវិន័យផ្ទៃក្នុងនាពេលនេះ។ បច្ចុប្បន្ន សាធារណជនកំពុងរង់ចាំអ៊ុតមើលថា តើនីតិវិធីតុលាការនឹងរកឃើញកំហុសកម្រិតណា ហើយមន្ត្រីផ្កាយ១រូបនេះនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌបែបណាខ្លះទៅថ្ងៃមុខ?៕






