តំបន់គ្រីម៉េកាន់កាប់ដោយរុស្ស៊ីផ្អាកការលក់ប្រេងឥន្ធនៈទាំងស្រុង ដល់ជនស៊ីវិល ខណៈការវាយប្រហារពីអ៊ុយក្រែនធ្វើឱ្យឧបទ្វីបនេះរង្គោះរង្គើ

បណ្ដាស្ថានីយប្រេងឥន្ធនៈនៅគ្រីម៉េ (Crimea) ដែលកាន់កាប់ដោយរុស្ស៊ីត្រូវបានណែនាំគិតត្រឹមថ្ងៃទី២១ ខែមិថុនា ឱ្យផ្អាកទាំងស្រុងការលក់ប្រេងឥន្ធនៈដល់ជនស៊ីវិល ខណៈអ៊ុយក្រែនបង្កើនការវាយប្រហារដោយដ្រូនរយៈចម្ងាយមធ្យមលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងឧបទ្វីបនេះ។
លោក Sergey Aksyonov អភិបាលតំបន់គ្រីម៉េ ដែលត្រូវបានតែងតាំងដោយរុស្ស៊ី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូមួយកាលពីព្រឹកថ្ងៃទី២១ ខែមិថុនាថា ប្រេងឥន្ធនៈនឹងត្រូវបានចែកចាយទៅឱ្យតែសេវាកម្មរដ្ឋដែលធានានូវសកម្មភាពសំខាន់ៗ និងសន្តិសុខរបស់សាធារណរដ្ឋគ្រីម៉េតែប៉ុណ្ណោះ។
លោក Aksyonov បានបន្ថែមថា ការហាមឃាត់នេះបានចូលជាធរមានចាប់ពីម៉ោង ៩ ព្រឹក ថ្ងៃ២១ មិថុនាតទៅ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនពេញមួយយប់លើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅក្នុងឧបទ្វីបនេះ។
ការវាយប្រហារដោយយានដ្រូនលើរោងចក្រថាមពលរបស់រុស្ស៊ីបានក្លាយជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រសង្គ្រាមរបស់ទីក្រុងគីវ ដែលមានគោលបំណងបំផ្លាញសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការប្រយុទ្ធ និងនាំយកការពិតនៃសង្គ្រាមបង្ហាញប្រាប់ដល់ជនស៊ីវិលរុស្ស៊ី។
រលកនៃការវាយប្រហារដោយយានដ្រូនចម្ងាយមធ្យមរបស់អ៊ុយក្រែនបានកំណត់គោលដៅតំបន់គ្រីម៉េ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Mykhailo Fedorov បាននិយាយកាលពីថ្ងៃទី១៧ ខែមិថុនាថា ទីក្រុងគីវមានគោលបំណងប្រែក្លាយឧបទ្វីបនេះ «ទៅជាកោះមួយ» ដោយវាយប្រហារខ្សែច្រវាក់ផ្គត់ផ្គង់របស់រុស្ស៊ី ដើម្បីកាត់ផ្ដាច់តំបន់គ្រីម៉េចេញពីដីគោករបស់រុស្ស៊ី៕

You might also like