បង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ២ទីតាំង និងឃាត់ខ្លួនមនុស្ស៥នាក់
(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១១៖០០នាទី ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពីឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានដឹកនាំកម្លាំងនាយកដ្ឋានអន្តរាគមន៍, កម្លាំងនាយកដ្ឋានការពារ និងកម្លាំងនគរបាលខេត្តកណ្តាល សម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង សឿន មុន្នីរ័ត្ន បានចុះបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយចំនួនពីរទីតាំង នៅក្នុងសង្កាត់ស្វាយរលំ និងសង្កាត់សិតត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទីតាំងទីមួយរកឃើញបារីក្លែងបន្លំម៉ាកជាច្រើនប្រភេទ និងទីតាំងទីពីរបានរកឃើញបារីម៉ាក Marlboro បារីម៉ាក Winston បារីម៉ាក Gold Mount បារីម៉ាកJps classic បារីម៉ាក Tobacco Gauses បារីម៉ាក Canyon និងបារីជាច្រើនម៉ាកផ្សេងទៀង និងបានឃាត់ខ្លួនមេការ និងកម្មករចំនួន ៥នាក់ ដើម្បីធ្វើការសាកសួរ។
វត្ថុតាងទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដកហូត និងព័ទ្ធសៀ ដើម្បីបន្តនីតិវិធីបន្តទៀត។
លោកឧត្តមសេនីយ៏ទោ ហ៊ុន គឹមជាតិ បានថ្លែងថា បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចក្រោមឱវាទអគ្គស្នងការនគរបាលជាតិតែងតែធ្វេីការស្រាវជ្រាវរាល់បទល្មេីសគ្រប់ប្រភេទដេីម្បីធ្វេីការបង្ក្រាបរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់យេីង៕






