ប្រទះឃើញសាកសពមន្ត្រីកិច្ចសន្យាចរាចរណ៍ លោតទឹកទន្លេបាត់បង់ជីវិត ក្រោយលោតទឹកពីទូកដរ  គេចពីសមត្ថកិច្ច

ខេត្តកណ្តាល ៖ កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៦ ​ប្រជា​អ្នកនេសាទ​បាន​ប្រទះ​ឃើញ​សាកសព មន្ត្រី​ជាប់កិច្ចសន្យា​ម្នាក់​អណ្តែត​ទឹកទន្លេ​មេគង្គ​ខាង​ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ក្រោយពី​មន្ត្រី​ជាប់កិច្ចសន្យា​រូប​នោះ បាន​លោតទឹក​ពីលើ​ទូកដរ​បាត់​ខ្លួន​អស់​រយៈពេល​២ យប់​៣​ថ្ងៃ​។
ជន​រង​គ្រោះ​ឈ្មោះ ចាន់ ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មុខរបរ ជា​មន្ត្រី​ជាប់កិច្ចសន្យា ផ្នែក​ចរាចរណ៍ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ច្រាំងចំរេះ សង្កា​ត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ស្រង់​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ខណៈ​ម្តាយ​ជន​រងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​លោក​អធិការរង​ខណ្ឌ​ជ្រោយចង្វារ​ម្នាក់ ដែល​ចាប់​កូនប្រុស​គាត់​នាំ​ឡើង​សាឡា​ង ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច​សម្រេចចិត្ត​លោតទឹក​សម្លាប់​ខ្លួន​។
រឿងរ៉ាវ​បណ្តាល​ឲ្យ​មន្ត្រី​ជាប់កិច្ចសន្យា​នេះ​លោតទឹក​សម្លាប់ តាម​ការ​បំភ្លឺ​ក៏​ដូច​ពាក្យបណ្តឹង​របស់​ម្តាយ​ជន​រង​គ្រោះ​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ​២០២៦ ជន​រង​គ្រោះ​ឈ្មោះ ចាន់ ណា​រ៉ុ​ង បាន​សម្រាក​ពី​ការងារ​ក៏​ទៅ​លេង​ផ្ទះ​សង្សារ នៅ​ភូមិ​ព្រែក​តា​កូវ សង្កាត់​ព្រែក​តា​កូវ ក្រុង​អរិយ​ក្សត្រ ខេត្ត​កណ្តាល ។ ពេល​នោះ​ដែរ​ក៏​មាន​សមត្ថ​កិច្ច​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វារ ​៤នាក់​ជិះ​រថយន្ត​២​បាំង​មួយ​គ្រឿង ដឹកនាំ​ដោយ​លោក​អធិការរង​ម្នាក់ ទៅ​ចាប់​ជន​រង​គ្រោះ​រុញ​ចូល​ឡាន ដោយ​មានការ​ចោទ​ប្រ​កាន់​មន្ត្រី​ជាប់កិច្ចសន្យា​នោះ​ថា ជាប់​ពាក់​ពន្ធ​ករណី​គាស់​បន្ទប់​ជួល​លួច​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ​។
សារព័ត៌មាន​សុំ​មិន​ធ្វើ​អត្ថាធិ​ប្បាយ​​រឿងរ៉ាវ​​នេះ​វែង​ឆ្ងាយ​ទេ គ្រាន់តែ​រៀបរាប់​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ជន​រង​គ្រោះ​តែ ប៉ុណ្ណោះ ដែល​ក្នុង​ពាក្យបណ្តឹង​នោះ​បាន​បញ្ជាក់ថា  នាង​ខ្ញុំ​ឈ្មោះ យិ​ន ម៉ា​លី​ស ភេទ​ស្រី អាយុ​៥១ ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ចំបក់ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មុខរបរ កសិករ​។ សូម​គោរព​ចូល​មក លោក​អធិការ​នគរបាល​ក្រុង​អរិយ​ក្សត្រ កម្មវត្ថុ ៖ សុំ​ប្តឹង​ឈ្មោះ សម រី​ណា ភេទ​ប្រុស មុខរបរ នគរបាល និង​បក្ខពួក​មាន​គ្នា​៣ នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន សង្កាត់​ច្រាំ​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។
«​ករណី ចាប់ខ្លួន​កូនប្រុស​ឈ្មោះ ចាន់ ណា​រ៉ុ​ង​»
តប​តាម​កម្មវត្ថុ​ខាងលើ នាង​ខ្ញុំ សូម​ជម្រាប​ជូន​លោក​អធិការ​នគរបាល​ក្រុង​អរិយ​ក្សត្រ ថា នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ឈ្មោះ សម រី​ណា មាន​តួនាទី​ជា​អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា រួម​ទាំ​បក្ខពួក​មាន​ចំនួន​៣ នាក់​ទៀត បាន​ជិះ​រថយន្ត Ford ពាក់​ស្លាក​លេខ ភ្នំពេញ ២BU-៥៤១៤ បាន​ធ្វើ​សកម្មភាព​ចាប់​ឃាត់ខ្លួន​កូនប្រុស​ខ្ញុំ​ឈ្មោះ ចាន់ ណា​រ៉ុ​ង ចេញពីផ្ទះ​ឈ្មោះ ឡូត ច្រេស ភេទ​ស្រី ស្ថិត​នៅ​ភូមិ​ព្រែក​តា​កូវ សង្កាត់​ព្រែក​តា​កូវ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ដាក់​ចូល​ឡាន​ដោយ​មិនដឹង​ពាក់​ពន្ធ​នឹង​ករណី​អ្វី​នោះ​ទេ លុះ​ពេល​ធ្វើ​ដំណើរ​តាម​ទូកដរ​(សាឡា​ង​)​កំពង់ចម្លង​ស្វាយ​ជ្រំ ជិត​ដល់ត្រើយ​ម្ខាង​ជ្រោយចង្វារ កូនប្រុស​របស់ខ្ញុំ​ឈ្មោះ ចាន់ ណា​រ៉ុ​ង ក៏​បាន​លោត​ពីលើ​ទូកដរ​ចូល​ទៅ​ក្នុង​ទឹកទន្លេ ដោយ​មិនដឹង​បាត់​ខ្លួន​ទៅ​ដាល់​ណា​នោះ​ទេ​។
អាស្រ័យ​ដូច​បាន​ជំរាប​ជូន​ខាងលើ​នេះ សូម​លោក​អធិការ​នគរបាល​ក្រុង​អរិយ​ក្សត្រ មេ​ត្តាជួយ​រក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ ដោយ​អនុគ្រោះ​ផង​ចុះ​។  សារព័ត៌មានមិន​អាច​រក​ការ​ទំនាក់ទំនង​ទៅ​លោក សម រី​ណា អធិការរង នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដែល​រង​ការ​ចោទប្រកាន់​នោះ​បាន​ទេ ម្សិលមិញនេះ ។

You might also like