ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ខេត្តកំពង់ធំ៖ នាថ្ងៃសៅរ៍ ១៣កើត ខែបឋមមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ទ្រី ដាលុច តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេឆ្លងស្ទឹងស្ទោងមួយខ្សែ ដែលស្ថិតនៅក្នុងភូមិគេន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ស្ពាននេះមានបណ្ដោយ ១១៣ម ទទឹង ៦ម ដែលអាចទ្រទម្ងន់បាន ២៥ តោន គ្រោងចំណាយថវិកាអស់២២០.០០០ ដុល្លារអាមេរិក។
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បញ្ហានៃការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំ និងក្រៅឃុំនឹងត្រូវបានបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទ្រី ដាលុច ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព មកចែកជូនដល់គណបក្សស្រុក គណបក្សឃុំ កងកម្លាំងប្រដាប់អាវុធ និងលោកយាយជីលោកតាជីជាង ១០០ នាក់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះចំណាយថវិកាអស់ប្រមាណ ៣០.០០០.០០០ រៀល៕






