ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

កំពត៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបន្តចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋចំនួន ១ភូមិ សរុប ១.០៤៦ក្បាលដី ស្មើនឹង ៦៧៨គ្រួសារ និងប្រកាសបិទផ្សាយទិន្នន័យវិនិច្ឆ័យចំនួន ៥ភូមិ សរុប ១០.៩៣១ក្បាលដី ស្មើនឹង ៨.៧៦០គ្រួសារក្នុងស្រុកទឹកឈូ។ ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តអង្គស្ដុក ក្នុងភូមិឫស្សីត្របែក ឃុំត្រពាំងព្រីង។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិកន្លងមកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកដល់អាណត្តិថ្មីក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរជានិច្ចពីសុខទុក្ខ និងតម្រូវការដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋ ដើម្បីបង្ការ និងកាត់បន្ថយទំនាស់ដីធ្លីនានា។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី ខេត្តកំពត ដែលបានខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គក្នុងការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ស្របតាមគោលនយោបាយ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានឆាប់រហ័សបំផុតទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ក្នុងពិធីនេះមានការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១.០៤៦ ក្បាលដី និងប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ៥ភូមិ ដែលមានក្បាលដីសរុបចំនួន ១០.៩៣១ ក្បាលដី ស្មើនឹង ៨.៧៦០ គ្រួសារ៕

You might also like