ក្រុមចោរដៃឆៅ បានគាស់ទ្វារផ្ទះប្រជាពលរដ្ឋ ចូលលួចយកមាស និងលុយកាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព

ខេត្តព្រៃវែង ៖ ក្រុមចោរដៃឆៅ បានគាស់ទ្វារផ្ទះប្រជាពលរដ្ឋ ចូលលួចយកមាស និងលុយកាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី 27 មិថុនា នៅផ្ទះជនរងគ្រោះឈ្មោះ ជា ទីន អាយុ 53 ឆ្នាំ និងប្រពន្ធឈ្មោះ រុន សារី អាយុ 50 ឆ្នាំ ស្ថិតនៅក្នុងភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

យោងតាមការរៀបរាប់របស់ប្ដីប្រពន្ធម្ចាស់ផ្ទះបានឱ្យដឹងថា នៅថ្ងៃកើតហេតុពួកគាត់បាននាំគ្នាចេញទៅធ្វើការរកស៊ីនៅខាងក្រៅទាំងអស់គ្នាដោយបានចាក់សោរទ្វារផ្ទះចោលហើយគ្មានមនុស្សនៅទេ។លុះល្ងាចឡើងពេលត្រឡប់មកវិញ ក៏ឃើញទ្វារផ្ទះបាយខាងក្រោយ ត្រូវគាស់ធ្លុះធ្លាយ ពេលចូលដល់ក្នុងបន្ទប់ដេក ក៏ឃើញថតទូរក្បាលដំណេក ត្រូវរុករើកកកាយអស់ ទើបច្បាស់ថាផ្ទះស្រូវចោរចូល ទើបរាយការណ៍ប្ដឹងសមត្ថកិច្ចចុះមកពិនិត្យមើលតែម្ដង។ ម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា ទ្រព្យសម្បត្តិដែលត្រូវចោរលួចយកទៅ គឺមាសចំនួន 6 ជី 6 ហ៊ុន និងលុយខ្មែរ 12 លានរៀល ក្រៅពីនោះ ពុំមានបាត់បង់អ្វីទេ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមចោរអាចមានគ្នាចាប់ពី២នាក់ឡើង ហើយអាចធ្វើសកម្មភាពនៅចន្លោះម៉ោង 1 ទៅម៉ោង 3 រសៀល ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកអត្តសញ្ញាណជនសង្ស័យ ដើម្បីនាំខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕

You might also like