ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចពាក់ព័ន្ធខេត្តស្វាយរៀង បង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ៣៣៥លើក ឃាត់ខ្លួនជនសង្ស័យជាង ៧០០នាក់

ពេញមួយឆ្នាំ២០២៥ លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង សហការជាមួយកម្លាំងមានសមត្ថកិច្ច បានកំណត់មុខសញ្ញា អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និងបង្ក្រាបមុខសញ្ញាប្រើប្រាស់រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់ បានចំនួន ៣៣៥លើក ឃាត់ខ្លួនជនសង្ស័យ ៧២០នាក់ មានជនជាតិវៀតណាម ចិន មីយ៉ាន់ម៉ា ជនជាតិខ្មែរ និងដកហូតថ្នាំញៀន និងសារធាតុគីមីផ្សំសរុប ១៥៣ ៨៧៩.៨៤ក្រាម ដែលត្រូវដុតបំផ្លាញចោល។
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត” នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ និងដាក់ចេញនូវគោលដៅមួយចំនួនក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តស្វាយរៀង។
ចំណុចសំខាន់ៗដូចខាងក្រោម៖
១.ត្រូវយកចិត្តទុកដាក់អនុវត្តនូវសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជា ខ្លឹមសារប្រធានបទនៅក្នុងឆ្នាំនេះ ឱ្យចេញជាសកម្មភាពពិត និងលទ្ធផលជាក់ស្តែងនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការប្រើប្រាស់ ការកែច្នៃ និងការជួញដូរគ្រឿងញៀន ខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
២.ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឱ្យបានកាន់តែខ្លាំងក្លាថែមទៀត នូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀន ជាពិសេស ការបន្តចាត់តាំងអនុវត្តគោលការណ៍ “សម្អាតផ្ទះយើង” និង “សម្អាតចកចេញពីផ្ទៃបឹង” ដែល រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញឱ្យមានប្រសិទ្ធភាពបំផុត ។
៣.ស្នើដល់គ្រប់អង្គភាពអនុវត្តច្បាប់ កងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានការក្តៅដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋគ្រឿងញៀន បង្ក្រាបឱ្យបានដល់មេក្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្ត ទីផ្សារ ឈានទៅលុបបំបាត់ឱ្យបាននូវឫសគល់ នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។
៤.កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើន ពង្រឹង និងយក ចិត្តទុកដាក់ជំរុញការអនុវត្តវិធានការរដ្ឋបាលឱ្យបានសកម្មបំផុត នៅតាមទីតាំងសប្បាយភាព នានា និងទីតាំងងាយរងគ្រោះពីការប្រព្រឹត្តបទល្មើសគ្រឿងញៀន ដូចជាខារ៉ាអូខេ ក្លឹបកម្សាន្ត បន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសផ្ទះជួល ទីតាំងជួល ដែលមានការប្រមូលផ្តុំ មនុស្សរស់នៅច្រើន ហើយប្រសិនបើពិនិត្យឃើញមានការពាក់ព័ន្ធ ឬមានការសមគំនិតប្រើប្រាស់ ទីតាំងនោះផ្តល់ជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស ត្រូវអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់។
៥.ទន្ទឹមគ្នាជាមួយនឹងការអនុវត្តវិធានការច្បាប់ម៉ឺងម៉ាត់ និងការបង្ក្រាបដោយគ្មានការលើកលែង វិធានការបង្ការទប់ស្កាត់ គឺត្រូវតែជាវិធានការចម្បង ដើម្បីកាត់ផ្តាច់នូវទីផ្សារប្រើប្រាស់គ្រឿងងញៀននៅក្នុងមូលដ្ឋានរបស់យើង។
៦.អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជាពលរដ្ឋឱ្យចូលរួមកាន់តែសកម្ម ថែមទៀត ក្នុងការផ្តល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងលួចលាក់ផលិត កែច្នៃ និងចរាចរគ្រឿងញៀនក្នុងខេត្ត ជាពិសេសក្នុងការផ្សព្វផ្សាយ ជំរុញ និងលើកកម្ពស់ ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើការរាយការណ៍។
៧.សូមអាជ្ញាធរមូលដ្ឋានទាំងអស់ យកចិត្តទុកដាក់ពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ នៅជុំវិញគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន សាលារៀនឱ្យបានល្អ និងមានរបៀបរៀបរយ ចៀសវាងកុំឱ្យមានការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ និងការសេពគ្រឿងញៀនជាដើម។
៨. ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវ ដល់អាណាព្យាបាល មាតាបិតាសិស្សទាំងអស់ សូមបង្កើនការពិនិត្យ និងតាមដានចំពោះការសិក្សារបស់កូនៗឱ្យបានទៀងទាត់ និងសហការ ឱ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់រៀននីមួយៗ ដើម្បីជាយន្តការមួយ ដាស់តឿន ក្រើនរំលឹកដល់កូនៗរបស់ខ្លួន ឱ្យពួកគេគេចផុតពីការក្លាយខ្លួនជាជនរងគ្រោះ ដោយសារបញ្ហាគ្រឿងញៀន៕

You might also like