មន្រ្ដីជំនាញកិច្ចការព្រំដែន ៖ មានតែគណៈកម្មការ JBC និងក្រុមវាស់វែង​ចម្រុះ​ប៉ុណ្ណោះ​ ទើប​អាច​បញ្ជាក់​ពី​ខ្សែប​ន្ទាត់​ព្រំដែនអន្តរជាតិកម្ពុជា-ថៃបាន

ឆ្លើយតបទៅនឹងសកម្មភាពរបស់ភាគីថៃ និងយោធាថៃជាបន្តបន្ទាប់ចំពោះការសាង់សង់របង និង​ឈ្លាន​ពាន​បូរណភាពទឹកដីកម្ពុជា, មន្រ្ដីជំនាញកិច្ចការព្រំដែន នៃរដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន​កម្ពុជា​បានបញ្ជាក់ថា ការវាស់វែង ការបញ្ជាក់ ឬការចង្អុលបង្ហាញ​ខ្សែ​បន្ទាត់​ព្រំ​អន្តរជាតិ​រវាង​កម្ពុជា និ​ងថៃ គឺមានតែគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និង​ក្រុម​វាស់​វែង​ចម្រុះ​នៃ​ភាគីទាំងពីរប៉ុណ្ណោះ ទើបមានសមត្ថកិច្ចក្នុងការផ្ទៀងផ្ទាត់ និង​បញ្ជាក់​ច្បាស់​ពី​ខ្សែប​ន្ទាត់​អន្តរជាតិកម្ពុជា-ថៃ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះឆ្លើយតបចំពោះ ការ​ធ្វើ​របង​ជា​ឯកតោ​ភាគីរបស់ថៃ នៅចន្លោះបង្គោលលេខ ៥២ និង៥៤ ព្រំប្រទល់រវាងខេត្តបាត់ដំបង (កម្ពុជា) និងខេត្តចាន់បូរី (ថៃ) ឯកឧត្តម ស៊្រឺ បូរ៉ា អគ្គនាយកបច្ចេកទេស នៃរដ្ឋលេខាធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន​បានបញ្ជាក់ថា បង្គោលព្រំដែនលេខ ៥២ ដល់បង្គោលលេខ ៥៩ គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចុះទៅរកបង្គោលឃើញតាំងពីឆ្នាំ ២០០៨ និង​បាន​ឯក​ភាពគ្នាជាទ្វេភាគីផងដែរ។ ឯកឧត្តមបញ្ជាក់ថា ក្នុងដំណាក់កាលនោះ មានការ​ធ្វើ​ឯកសារ​ជា​ទ្វេភាគីទាំងទីតាំងបង្គោល និងគំនូសខ្សែព្រំដែន គឺបានឯកភាពគ្នាទាំងស្រុងហើយ ចាប់​ពី​បង្គោល​លេខ ៥២ ដល់បង្គោលលេខ ៥៩នេះ ដោយមិនមានអ្វីជំទាស់ទេ។
ឯកឧត្តម​បន្ត​ថា ដូច្នេះរហូតមកដល់ឆ្នាំ ២០២៥ ការធ្វើកិច្ចការងារ​ដើម្បី​ឱ្យ​ច្បាស់​បន្ថែម​នៅ​លើ​ដី​នោះ ​គឺបានធ្វើដោយ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បាន​បញ្ចូន​ក្រុម​វាស់​វែង​ចម្រុះ ដើម្បីចុះទៅវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នបន្ថែម ដែលមានគម្លាត​ពី​គ្នា​ត្រឹម ៥០ម៉ែត្រប៉ុណ្ណោះ។ ឯកឧត្តមបន្តថា ការងារវាស់វែង និងខណ្ឌសីមា​បោះ​បង្គោល​បណ្ដោះ​អាសន្ន​បន្ថែម នៅឆ្នាំ២០២៥ គឺជាការងារបញ្ជាក់ឱ្យច្បាស់លាស់បន្ថែមទៀត អំ​ពី​ខ្សែ​ព្រំដែន ​និងបង្គោលព្រំដែនហើយភាគីទាំងពីរមិនដែលមានបញ្ហាជាមួយគ្នាទេ។ ក្រោ​យ​មក​ភាគី​ទាំង​ពីរ​ក៏​បានឯកភាពគ្នាសាងសង់ផ្លូវល្បាតព្រំដែននៅក្នុងកំណាត់បង្គោលលេខ ៥២ ដល់​បង្គោល​លេខ ​៥៩នេះផងដែរ។
ឯកឧត្តមបញ្ជាក់បន្ថែមថា «មានតែគណៈកម្មការ JBC និងក្រុមវាស់វែងចម្រុះនៃ​ភាគី​ទាំង​ពីរ​ប៉ុណ្ណោះ ​ទើបមានសមត្ថកិច្ចក្នុងការផ្ទៀងផ្ទាត់ និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ នៅ​លើ​ដី​ជាក់​ស្ដែង ​ក៏ដូចជាទីតាំងបង្គោលព្រំដែនពិតប្រាកដកាលពីសម័យបារាំង»។
ចំណែក ​ឯកឧត្តម ឡាយ សៀងលី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន​លើក​ឡើង​អំពីប្រវត្តិមួយចំនួននៃការកំណត់ទីតាំងបង្គោលព្រំដែន និងខ្សែព្រំដែនរវាងកម្ពុជា និង​ថៃ, ឯកឧត្តម បានបញ្ជាក់ថា កន្លងមក ការចុះទៅត្រួតពិនិត្យ និងរុករកបង្គោលព្រំដែនចាស់មាន ៧៤​ បង្គោលដែលបានបន្សល់ទុកតាំងពីសម័យអណានិគមបារាំង ដោយ​ផ្អែក​ទៅ​តាម​សន្ធិ​សញ្ញា​ឆ្នាំ​១៩០៤-១៩០៧ រវាងបារាំង-សៀម នៅលើខ្សែបន្ទាត់ព្រំដែនប្រមាណជា ៨០០ គីឡូម៉ែត្រ ក្នុង​នោះមា​នបង្គោលព្រំដែនដែលបោះនៅសម័យបារាំង-សៀមនោះ មានចំនួន ៧៤បង្គោល។
ឯកឧត្តមបញ្ជាក់ថា មូលដ្ឋាននៃក្រុមការងារបច្ចេកទេសចម្រុះ បានអនុវត្តការរុករកបង្គោលចាស់ និង​កំណត់ទីតាំងឡើងវិញទាំង ៧៤ បង្គោលនេះ គឺប្រើមូលដ្ឋានឯកសារសន្ធិសញ្ញាឆ្នាំ១៩០៧ ជា​មូលដ្ឋាន ហើយឯកសារមានភ្ជាប់ជាមួយសន្ធិសញ្ញានេះ រួមមានផែនទី បារាំង-សៀម មាត្រដ្ឋាន ១/២០០ ០០០ ជាផែនទីឧបសម្ពន្ធ័ភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧នេះ ដែលមាន​ផែន​ទី​ចំនួន​ ៥ផ្ទាំង ហើយបង្គោលទាំង ៧៤បង្គោលនោះ ក៏មានកំណត់​ហេតុ​បោះ​បង្គោល​របស់​គណៈ​កម្មការ​ចម្រុះ​បារាំង-សៀមគ្រប់ទាំង ៧៤ បង្គោលនៃកំណត់ហេតុបោះបង្គោល ហើយប្លង់ទី​តាំង​បង្គោល​ដែល​មានបរិយាយប្រាប់ពីទីតាំងដែលបានបោះបង្គោលនៅលើដីជាក់ស្ដែងផងដែរ។
ក្នុងឱកាសនេះ មន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថា ទង្វើ និង​សកម្ម​ភាព​ទាំង​ឡាយ​កន្ល​ង​មក ក៏ដូចជានាពេលបច្ចុប្បន្នរបស់ភាគីថៃ ជាពិសេសកងកម្លាំងប្រដាប់អាវុធថៃ ដែល​ចូល​មក​កាន់​កាប់​ទឹកដីកម្ពុជាដោយខុសច្បាប់ ក៏ដូចជាធ្វើសកម្មភា​ព​បំពាន​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ គឺជាទង្វើខុសច្បាប់អន្តរជាតិ, រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភា​ព​គ្នា​នា​ពេលក​ន្លងមក, រំលោភទៅលើកំណត់ហេតុកិច្ចប្រជុំ និងសមត្ថកិច្ចរបស់គណៈកម្មការ JBC ហើយ​ក៏បំផ្លាញនូវសមិទ្ធផលរបស់គណៈកម្មការ JBC ផងដែរ។ ដូច្នេះអ្វីដែល​ជា​មធ្យោបាយ​ល្អ​បំផុត ​និងបញ្ចៀសបញ្ហាទាំងនេះបន្តទៀត មន្រ្ដីជំនាញមន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជាសង្ឃឹមថា គណៈកម្មការJBCភាគីថៃ នឹងសហការបញ្ចូនក្រុមវាស់វែងចម្រុះឆាប់ចុះធ្វើការនៅលើដីជាក់ស្ដែង ដើម្បី​បន្តការងារដូចកាលពីមុនពេលមានសង្គ្រាមទាំងពីរលើក។

ក្នុងពេលជា​មួយគ្នានេះ តាមរយៈកំណត់ទូតតវ៉ា ក៏ដូចជាសេចក្ដីប្រកាស​ព័ត៌មាន​របស់​រាជ​រដ្ឋាភិបាល​ និងក្រសួងស្ថាប័នពាក់ព័ន្ធ គឺកម្ពុជាប្រកាន់ជំហរ​ដាច់​ខាត​មិន​ទទួល​ស្គាល់​ការ​កែ​ប្រែ​ខ្សែព្រំ​ដែន​ណាមួយដែលកើតចេញពីការប្រើកម្លាំង ឬកើតចេញពីការ​គូស​ផែន​ទី​ដោយ​ឯកតោ​ភាគី​នោះ​ទេ​ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត៕ក្នុងពេលជា​មួយគ្នានេះ តាមរយៈកំណត់ទូតតវ៉ា ក៏ដូចជាសេចក្ដីប្រកាស​ព័ត៌មាន​របស់​រាជ​រដ្ឋាភិបាល​ និងក្រសួងស្ថាប័នពាក់ព័ន្ធ គឺកម្ពុជាប្រកាន់ជំហរ​ដាច់​ខាត​មិន​ទទួល​ស្គាល់​ការ​កែ​ប្រែ​ខ្សែព្រំ​ដែន​ណាមួយដែលកើតចេញពីការប្រើកម្លាំង ឬកើតចេញពីការ​គូស​ផែន​ទី​ដោយ​ឯកតោ​ភាគី​នោះ​ទេ​ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត៕

You might also like